ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិស្សជ័យលាភីក្នុងកម្មវិធីប្រកួតសូត្រកំណាព្យភាសាចិនជាសាកលលើកទី៧
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្សជ័យលាភីក្នុងកម្មវិធីប្រកួតសូត្រកំណាព្យភាសាចិនជាសាកលលើកទី៧ (The 7th Global Chinese Recitation Competition Cambodia Award Ceremony)។
ពិធីនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ឆាង ចៀន (CHANG Jian) ភារធារីស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោកស្រី អគ្គនាយិកាក្រុមហ៊ុន Dandelion Educational Service តំណាងមូលនិធិការអប់រំភាសាចិន នៃប្រទេសចិន ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងសាលារៀន គ្រូដឹកនាំស្ថាប័នពាក់ព័ន្ធ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងក្រុមគ្រួសារសិស្ស។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានចូលរួមអបអរសាទរដល់សិស្សជ័យលាភីទាំងអស់ ដែលបានចូលរួមការប្រកួតសូត្រកំណាព្យភាសាចិន និងទទួលបានជោគជ័យប្រកបដោយផ្លែផ្កា ដែលជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សានុសិស្ស ក៏ដូចជាការយកចិត្តទុកដាក់បង្រៀនរបស់ លោកគ្រូ អ្នកគ្រូ និងការចូលរួមគាំទ្រពីសំណាក់មាតាបិតា អ្នកអាណាព្យាបាលទាំងអស់។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងមានមោទនភាពជាខ្លាំងចំពោះសមត្ថភាព ការតាំងចិត្ត និងឆន្ទៈមោះមុតប្រឹងប្រែងរៀនសូត្រភាសាចិនរបស់យុវសិស្សកម្ពុជារហូតទទួលបានជោគជ័យក្នុងការប្រកួតកម្រិតអន្តរជាតិនេះ បង្ហាញពិភពលោកឱ្យឃើញថាកម្ពុជាមានធនធានមនុស្សប្រកបដោយសមត្ថភាព ក៏ដូចជាជំរុញលើកទឹកចិត្តក្មួយៗអ្នកសិក្សាឱ្យខិតខំរៀនពង្រីកចំណេះដឹងបន្តទៀត ដើម្បីឈានទៅសម្រេចនូវសមិទ្ធផលថ្មីៗ និងក្តីស្រមៃរបស់ខ្លួនកាន់ធំនាពេលអនាគត។ ចំពោះអ្នកដែលនៅមិនទាន់ធ្វើបានល្អនៅឡើយ សូមឱ្យបន្តខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ហើយត្រូវមានជំនឿចិត្តលើខ្លួនឯងថាថ្ងៃណាមួយនឹងធ្វើបានល្អ ទទួលជោគជ័យ និងសម្រេចបំណងប្រាថ្នារបស់ខ្លួន។
គួរបញ្ជាក់ដែរថា កម្មវិធីប្រកួតសូត្រកំណាព្យភាសាចិនជាសាកលលើកទី៧ ត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានអប់រំមូលដ្ឋានគ្រឹះភាសាចិន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយក្នុងឆ្នាំ ២០២៤នេះ មានបេក្ខជនចុះឈ្មោះប្រកួតប្រជែងសរុបប្រមាណ ៤២.០០០នាក់ មកពី ១៤៤សាលាទូទាំងសកលលោក ដែលក្នុងនោះ កម្ពុជាមានសិស្សប្រមាណ ៧០០នាក់ មកពី ១៣សាលា បានចូលរួមប្រកួត ហើយសិស្សដែលត្រូវបានជ្រើសរើសជាតំណាងកម្ពុជាមានចំនួន ៤៩នាក់ និងមានសិស្សកម្ពុជាចំនួន ៧នាក់ទទួលបានជ័យលាភីនៅវគ្គប្រកួតផ្តាច់ព្រ័ត្រ ៕