បទវិភាគ៖កិច្ចសហប្រតិបត្តិការរវាងចិននិងតាជីគីស្ថានមានអនាគតគួរឱ្យរំពឹងទុក ហើយសហគមន៍រួមវាសនារបស់ចិននិងតាជីគីស្ថានក៏មុខជានឹងមានអនាគតកាន់តែល្អបរវជាមិនខានផងដែរ
ក្នុងអំឡុងពេលលោកXi Jinpingប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសតាជីគីស្ថានចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ខែមិថុនា ភាគីទាំងពីរចិននិងតាជីគីស្ថានបានប្រកាសបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងតាជីគីស្ថានក្នុងយុគសម័យថ្មី ដែលបានគ្រោងផែនការថ្មីសម្រាប់ការកសាងសហគមន៍រួមវាសនារវាងចិននិងតាជីគីស្ថានដោយឈរលើចំណុចចាប់ផ្តើមកាន់តែខ្ពស់។
ក្រឡេកទៅមើលប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាងចិននិងតាជីគីស្ថានអាចឃើញថា “ការអភិវឌ្ឍបែបលោតផ្លោះ”គឺជាពាក្យគន្លឹះ។ ពីទំនាក់ទំនងមិត្តភាពនិងសុខដុមនីយកម្មជាមួយប្រទេសជិតខាងដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដល់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងតាជីគីស្ថានក្នុងយុគសម័យថ្មី ទំនាក់ទំនងរវាងចិននិងតាជីគីស្ថានសម្រេចបាននូវ”ការលោតផ្លោះជាប្រវត្តិសាស្ត្រ”ជាបន្តបន្ទាប់។
ហេតុអ្វីបានជាទំនាក់ទំនងរវាងចិននិងតាជីគីស្ថានអាចឈានដល់កម្រិតថ្មីទៀត? ការទូតប្រមុខរដ្ឋបានដើរតួនាទីដឹកនាំដ៏សំខាន់បំផុត។ ក្នុងអំឡុងពេលលោកXiJinpingប្រធានរដ្ឋចិនបំពេញទស្សនកិច្ចលើកនេះ លោកXiJinpingប្រធានរដ្ឋចិនបានផ្តល់គ្រឿងឥស្សរិយយសមិត្តភាពជូនលោកEmomali Rahmonប្រធានាធិបតីតាជីគីស្ថាន។នេះជាលើកទីមួយហើយដែលប្រទេសចិនបានរៀបចំពិធីផ្តល់គ្រឿងឥស្សរិយយសនៅក្រៅប្រទេស ដែលបានបង្ហាញយ៉ាងពេញលេញនូវចំណងមិត្តភាពដ៏ជ្រាលជ្រៅរបស់ប្រជាជនចិនចំពោះលោកEmomali Rahmon ប្រធានាធិបតីតាជីគីស្ថាននិងប្រជាជនតាជីគីស្ថាន។
ក្រោមការដឹកនាំរបស់ការទូតប្រមុខរដ្ឋ កិច្ចសហប្រតិបត្តិការរវាងចិននិងតាជីគីស្ថានក្នុងគ្រប់វិស័យបានទទួលសមិទ្ធផលជាផ្លែផ្កា។ ភាគីតាជីគីស្ថានជាប្រទេសដំបូងគេមួយដែលចូលរួមកិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”។ ប្រទេសទាំងពីរបានកសាងសហគមន៍រួមអភិវឌ្ឍន៍និងសហគមន៍រួមសន្តិសុខនាំមុខគេ ។ល។ ប្រទេសចិននិងតាជីគីស្ថានបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងជាបន្តបន្ទាប់ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
សព្វថ្ងៃនេះ ប្រទេសចិននិងតាជីគីស្ថានសុទ្ធតែស្ថិតក្នុងដំណាក់កាលគន្លឹះនៃការស្តារនិងអភិវឌ្ឍប្រទេសជាតិ។ ប្រទេសចិនកំពុងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនដោយពេញទំហឹង ហើយប្រទេសតាជីគីស្ថានក៏កំពុងខិតខំសម្រេចបាននូវ”យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិមុនឆ្នាំ២០៣០”ផងដែរ។ ការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីលើកនេះ គឺស៊ីសង្វាក់គ្នាជាមួយតម្រូវការអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ និងឆ្លុះបញ្ចាំងពីតម្រូវការនិងសំណូមពរួមគ្នារបស់ភាគីទាំងពីរ។
គោលដៅថ្មីត្រូវបានកំណត់រួចហើយ តើយើងនឹងផ្តោតសំខាន់លើវិស័យណាខ្លះ?ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានធ្វើការរៀបចំចាត់ចែងយ៉ាងលម្អិត។
ការកសាងទំនុកចិត្តគ្នាផ្នែកនយោបាយគឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងប្រទេសទាំងពីរ។ក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយភាគីទាំងពីរ ភាគីតាជីគីស្ថានបានរំលឹកឡើងវិញនូវការប្រកាន់ខ្ជាប់យ៉ាងមុតមាំមិនងារេនូវការគោរពគោលការណ៍ចិនតែមួយ។ ភាគីចិននឹងគាំទ្រឯករាជ្យភាព អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់តាជីគីស្ថានដូចពេលកន្លងទៅដដែល។
កិច្ចសហប្រតិបត្តិការជាក់ស្តែងបានចាក់មូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៃទំនាក់ទំនងរវាងចិននិងតាជីគីស្ថាន។ ប្រទេសចិនជាប្រភពវិនិយោគធំបំផុតនិងដៃគូពាណិជ្ជកម្មសំខាន់មួយរបស់តាជីគីស្ថានក្នុងរយៈពេលជាយូរមកហើយ។នៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងតាជីគីស្ថានបានឡើងដល់ជិត៤ពាន់លានដុល្លារអាមេរិក ដែលបំបែកកំណត់ត្រាខ្ពស់ថ្មីទៀតក្នុងប្រវត្តិសាស្ត្រ។ លើកនេះ ផែនការជាក់លាក់ដែលលើកឡើងដោយប្រទេសចិន បានសម្របទៅតាមយុទ្ធសាស្ត្រសំខាន់ៗចំនួនបួនផ្នែកថាមពល គមនាគមន៍ ស្បៀងអាហារនិងឱកាសការងារដែលបានលើកឡើងនៅក្នុង”យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិមុនឆ្នាំ២០៣០”របស់ប្រទេសតាជីគីស្ថាន ដែលបានបង្ហាញពីភាពស៊ីសង្វាក់គ្នាយ៉ាងស៊ីជម្រៅនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ ហើយក៏បានបង្ហាញពីភាពស្មោះត្រង់របស់ភាគីចិនក្នុងការផ្តល់ជំនួយដល់ការអភិវឌ្ឍរបស់តាជីគីស្ថានផងដែរ។
លើសពីនេះទៀត ភាគីទាំងពីរចិននិងតាជីគីស្ថានក៏បានលើកឡើងដែរថា នឹងបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម ដើម្បីគាំពារសន្តិសុខនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ និងសន្តិសុខនិងស្ថិរភាពក្នុងតំបន់ ក៏ដូចជាពង្រឹងការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការក្នុងយន្តការពហុភាគី។ នេះនឹងរួមចំណែក”កម្លាំងចិន-តាជីគីស្ថាន”ក្នុងបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍពិភពលោក។
កិច្ចសហប្រតិបត្តិការរវាងចិននិងតាជីគីស្ថានមានអនាគតគួរឱ្យរំពឹងទុក ហើយសហគមន៍រូមវាសនារវាងចិននិងតាជីគីស្ថានក៏មុខជានឹងមានអនាគតកាន់តែល្អបរវជាមិនខានផងដែរ៕