សម្ដេចធិបតី៖ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្ដល់ការគាំទ្រពេញទំហឹង និងទទួលបដិសណ្ឋារកិច្ចដល់វិនិយោគិន និងធុរជន
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-បារាំង នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួច ជាស្រេចក្នុងការស្វាគមន៍ និងផ្ដល់ការគាំទ្រពេញទំហឹង ក៏ដូចជា ការទទួលបដិសណ្ឋារកិច្ច ដល់វិនិយោគិននិងធុរជន។
សម្ដេចធិបតី ក៏បានអញ្ជើញ វិនិយោគិនបារាំងទាំងអស់ មកស្វែងយល់ពីសក្តានុពលវិនិយោគដ៏ធំធេង, ស្វែងរកកាលានុវត្តភាពដ៏សម្បូរបែប និងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីទាញយកប្រយោជន៍ពី ទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ។
សម្តេចធិបតី បានប្រកាសស្វាគមន៍ចំពោះការ សម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនទាំងអស់ ជាពិសេសវិនិយោគិនបារាំងដែលជ្រើសរើស និងមានបំណងមកបណ្តាក់ទុននៅកម្ពុជា ដោយផ្ទាល់ ឬចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក។
សម្ដេចធិបតី មានសុទិដ្ឋិនិយមថា បន្ទាប់ពីវេទិកានេះ កម្ពុជានឹងទទួលបានទំហំវិនិយោគ និងធុរកិច្ចបារាំងកាន់តែច្រើន ដើម្បីបំបែកកំណត់ត្រាឆ្នាំមុនៗ៕