សម្ដេចធិបតី៖ ភាពជោគជ័យវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី១ នៅប៉ារីស នាំឲ្យកម្ពុជាក្លាយជាម្ចាស់ផ្ទះ រៀបចំវេទិកាធុរកិច្ចលើកទី២
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ភាគជោគជ័យក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី១ ដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉ារីស កាលពីខែមករា ឆ្នាំ២០២៤កន្លងទៅ នាំឲ្យកម្ពុជាមានឱកាសក្លាយជាម្ចាស់ផ្ទះ រៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២។
ក្នុងឱកាសអញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «នេះជាឱកាសដ៏វិសេសវិសាលពង្រឹងចំណងមិត្តភាព និងស្វែងរកសក្ដានុពលធំធេង សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចរវាងប្រជាជាតិទាំងពីរ។ វេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី១ ត្រូវបានចាប់ផ្ដើមធ្វើនៅទីក្រុងប៉ារីស ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ខ្ញុំ ទៅកាន់សាធារណរដ្ឋបារាំង កាលពីខែមករាកន្លងទៅ ដែលជាជំហានសំខាន់ដំបូងសម្រាប់ការរៀបចំវេទិកាធុរកិច្ចលើកទី២ នៅថ្ងៃនេះ»។
សម្ដេចធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរួមគ្នារវាងសភាពាណិជ្ជ និងឧស្សាហកម្មបារាំង-កម្ពុជា និងទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសរបស់បារាំងប្រចាំកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការសហការរៀបចំព្រឹត្តិការណ៍ ដ៏មានកិត្យានុភាពនេះជាលើកទី២។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា និងបារាំង នឹងបន្តធ្វើវេទិកាធុរកិច្ច ដើម្បីជំរុញទំនាក់ទំនងឲ្យកាន់តែស៊ី ជម្រៅក្នុងចំណោមសហគមន៍ធុរកិច្ច និងបង្កើតកាលានុវត្តភាព ដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សម្រាប់អ្នកជំនាន់ក្រោយៗទៀត។ សម្ដេចក៏ជឿថា ធុរជនបារាំងនឹងអាចមើលឃើញពី កាលានុវត្តភាពដ៏ធំទូលាយ នៅក្នុងទិដ្ឋភាពធុរកិច្ច និងការវិនិយោគរបស់កម្ពុជា ៕