អភិបាលខេត្តកំពង់ធំថ្មី សន្យាពង្រីកសមិទ្ធផលការងាររបស់រៀមច្បងជំនាន់មុនៗ តាមរយៈការបន្តនូវការសហការគ្នាជាមួយថ្នាក់ដឹកនាំ ដើម្បីអភិវឌ្ឍខេត្តកំពង់ធំ ឲ្យទទួលបានការរីកចម្រើនជាលំដាប់
ភ្នំពេញ៖ ឯកឧត្តម នួន ផារ័ត្ន បានចូលកាន់តំណែងជាអភិបាលខេត្តកំពង់ធំផ្លូវការ នារសៀលថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯកឧត្តម នួន ផារ័ត្ន បានប្តេជ្ញាពង្រឹង និងពង្រីកសមិទ្ធផលការងាររបស់រៀមច្បងមុនៗ ដោយបន្តនិរន្តរភាពការងាររដ្ឋបាលខេត្ត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋនៅខេត្តកំពង់ធំ។
«ចូលរួមយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍក្នុងខេត្តកំពង់ធំ ឱ្យកាន់តែរីកចម្រើនថែមទៀត»។ នេះជាការសន្យាមួយក្នុងចំណោមចំណុចសំខាន់ៗជាច្រើនរបស់ឯកឧត្តម នួន ផារ័ត្ន នាពេលកាន់មុខតំណែងជាអភិបាលខេត្តកំពង់ធំ បន្តពីឯកឧត្តម ងួន រតនៈ។
ឯកឧត្តម នួន ផារ័ត្ន ដែលកាន់តួនាទីជាអភិបាលរងរាជធានីភ្នំពេញពីរអណត្តិកន្លងមកនោះ បានថ្លែងអំណរគុណថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែផ្តល់ដំបូន្មាន តម្រង់ទិស និងចែករំលែកបទពិសោធន៍ដល់លោកក្នុងកិច្ចការដឹកនាំចាត់ចែងតួនាទី អនុវត្តតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍជាតិ។
នៅមុនពិធីតែងតាំងផ្លូវការ ឯកឧត្តម នួន ផារ័ត្ន ក៏បានទៅជួប និងទទួលបាននូវការណែនាំដោយផ្ទាល់ផងដែរពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ «ទទួលបានឱកាសជួបជាមួយសម្ដេចប្រមុខរាជរដ្ឋាភិបាល ដើម្បីទទួលបទបញ្ជា អនុសាសន៍ដឹកនាំ និងការតម្រង់ទិស មុនពេលចេញដំណើរទៅបំពេញភារកិច្ចថ្មី!»។ ឯកឧត្តមបានសរសេរយ៉ាងដូច្នេះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន។
ក្នុងបេសកកម្មថ្មីរបស់ខ្លួន ឯកឧត្តម នួន ផារ័ត្ន សន្យាពង្រឹង និងពង្រីកសមិទ្ធផលការងាររបស់រៀមច្បងជំនាន់មុនៗ តាមរយៈការបន្តនូវការសហការគ្នាយ៉ាងស្អិតជាមួយថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធនានាក្នុងខេត្ត ដើម្បីអភិវឌ្ឍខេត្តកំពង់ធំ ឲ្យទទួលបានការរីកចម្រើនជាលំដាប់។
«ខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចឱ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ជូនរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងជាពិសេសជូនពលរដ្ឋនៅក្នុងខេត្តកំពង់ធំ»។ ឯកឧត្តម នួន ផារ័ត្ន បានសន្យាបែបនេះក្នុងពិធីចូលកាន់តំណែងក្រោមអធិបតីភាពរបស់លោក ស សុខា ជាមួយនឹងការប្តេជ្ញាសម្រេចបាននូវសមិទ្ធិផលធំៗបន្ថែមទៀតក្នុងខេត្តឱ្យស្របតាម កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ ក្រោមជាតិ ក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចល្អនៅមូលដ្ឋាន។
ការរួមចំណែកលើកកម្ពស់សេវាសង្គម កសាង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ការបង្កើនសាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អ ជាមួយរដ្ឋបាលខេត្តជាប់ព្រំប្រទល់ និងរដ្ឋបាលខេត្តដទៃមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក អង្គការ មិនមែនរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានា។ ទាំងនេះ សុទ្ធតែជាចំណុចអាទិភាពរបស់លោកអភិបាលខេត្តកំពង់ធំ។
ឯកឧត្តម នួន ផារ័ត្ន ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំខេត្តចំនួន៨រូប ដែលទើបត្រូវបានតែងតាំងថ្មី និងផ្លាស់ប្តូរ ជាលើកដំបូងក្នុងរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តម នួន ផារ័ត្ន ឡើងពីអភិបាលរងរាជធានីភ្នំពេញ ទៅជំនួសឯកឧត្តម ងួន រតនៈ។
ជាមួយគ្នានេះ ព្រះករុណា ព្រះមហាក្សត្រ បានតែងតាំងឯកឧត្តមក គង់ សោភ័ណ អតីតអភិបាលខេត្តកណ្ដាល, ឯកឧត្តម អ៊ូច ភា អតីតអភិបាលខេត្តតាកែវ, ឯកឧត្តម ស្វាយ សំអ៊ាង អតីតអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ងួន រតនៈ អតីតអភិបាលខេត្តកំពង់ធំ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃផងដែរ។
ឯកឧត្តម នួន ផារ័ត្ន ជាថ្នាក់ដឹកនាំមួយនៃសហភាពសហព័ន្ធយុវជនកម្ពុជា។ ឯកឧត្តមមានជំនាញផ្នែកច្បាប់ ហើយបានធ្វើការងារច្រើនទាក់ទងនឹងការតាក់តែងច្បាប់ផងដែរ។ លោក នួន ផារ័ត្ន បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកនីតិសាស្ត្រ និងផ្នែកវិជ្ជាជីវៈតុលាការពីប្រទេសបារាំងក្នុងឆ្នាំ២០០៣ ។ ពេលត្រឡប់ពីប្រទេសបារាំង ឯកឧត្តម នួន ផារ័ត្ន បានធ្វើជាសាស្ត្រាចារ្យច្បាប់នៅសាលកវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ មុននឹងលោកក្លាយជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋលេខាធិការ ក្នុងឆ្នាំ២០០៧។
ឯកឧត្តម នួន ផារ័ត្ន ក៏ធ្លាប់ចូលរួមចំណែកក្នុងការងារផ្នែកច្បាប់នៅសាលាក្តីខ្មែរក្រហមដែរ តាមរយៈតួនាទីជាប្រធានក្រុមអ្នកច្បាប់នៃការិយាល័យសហចៅក្រមស៊ើបអង្កេត។ មុនកាន់តំណែងជាអភិបាលខេត្តកំពង់ធំ លោកជាអភិបាលរងរាជធានីភ្នំពេញ ពីអាណត្តិ ពោលគឺចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៤នេះ ៕