ឧត្តមសេនីយ៍ទោ ឈរ សុខ អប់រំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់នាយទាហាន ពលទាហាន ឱ្យយល់ច្បាស់ពីតួនាទីភារកិច្ច របស់កងយោធពលខេមរភូមិន្ទ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីបញ្ជាការកងពល ក្នុងពិធីគោរពទង់ជាតិ ប្រចាំសប្តាហ៍ ឧត្តមសេនីយ៍ទោ ឈរ សុខមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ ទៅកាន់កងកម្លាំងទាំងអស់នៅក្រោមឱវាទថា យើងទាំងអស់គ្នា ជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ជាកម្លាំងដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ត្រូវមាន ភក្ដីភាព ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ មានតួនាទីនិងភារកិច្ចការពារដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសុវត្ថិភាពសាធារណៈ ត្រៀមកម្លាំងនិងមធ្យោបាយគ្រប់កាលៈទេសៈ ដើម្បីជួយប្រជាពលរដ្ឋដែលជួបប្រទះ នូវគ្រោះធម្មជាតិដោយចៃដន្យ។
នៅក្នុងឱកាសនោះឧត្តមសេនីយ៍ទោ ឈរ សុខ បានបញ្ជាក់យ៉ាងច្បាស់ នូវសារាចរស្ដីពីការអបអរសាទរ ការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ជាគំរោងផ្ដួចផ្ដើមដោយ ចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រែកជីកហ្វូណនតេជោនេះ ត្រូវបានសាងសង់ឡើងនៅក្នុងអាណត្តិទី ៧ នៃរដ្ឋសភា ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទុកជាប្រវត្តិសាស្ត្រសម្រាប់ផលប្រយោជន៍ កុលបុត្រខ្មែររាប់ពាន់ឆ្នាំទៅមុខ ។
នៅចុងបញ្ចប់ ឧត្តមសេនីយ៍ទោ ឈរ សុខ មានប្រសាសន៍រំលឹកដល់យោធិននៅក្នុងអង្គភាពគ្រប់រូប ត្រូវគោរពអោយបានល្អនូវក្រមសីលធម៌របស់កងយោធពលខេមរភូមិន្ទ និងមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ដើម្បីឈានទៅសម្រេចបានជោគជ័យរាល់ភារកិច្ចជូនជាតិមាតុភូមិ ៕