សម្ដេចក្រឡាហោម ស ខេង អញ្ជើញដង្ហែ ព្រះករុណាព្រះមហាក្សត្រ យាងប្រារព្ធព្រះរាជពិធីបុណ្យ «រុក្ខទិវា៩កក្កដា» នៅខេត្តតាកែវ
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នេះ បានអញ្ជើញចូលរួមដង្ហែព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី “រុក្ខទិវា ៩កក្កដា” នៅស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
«រុក្ខទិវា» បានប្រារព្ធធ្វើឡើងតំាងពីឆ្នាំ១៩៥២ នៅក្នុងសម័យសង្គមរាស្រ្តនិយម ក្រោមព្រះរាជតម្រិះព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ រាជរដ្ឋាភិបាលកម្ពុជាបានបន្តមរតកដ៏ល្អនេះ ក្នុងការបំផុសចលនាដាំដើមឈើឡើងវិញ ជំរុញឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាអភិរក្សសម្បត្ដិព្រៃឈើ និងគិតគូរដល់បរិស្ថានរស់នៅ តំាងពីឆ្នាំ១៩៩២ មកម៉្លេះ។
នៅក្នុងពិធីរុក្ខទិវានាថ្ងៃនេះ មានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះមហាក្សត្រ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឥស្សរជនជាតិ ព្រមទាំងសមាជិកព្រឹទ្ធសភា រដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល ជាច្រើនរូបទៀត។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីបណ្តាអង្គទូតនានាប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
មកទល់ឆ្នាំនេះ «រុក្ខទិវា» គឺមានរយៈពេល៧២ឆ្នាំ ហើយ ។គួរជម្រាបជូនថា ឆ្នាំនេះ មានកូនឈើធ្នង់ គ្រញូង និងក្ងោក សរុបចំនួន ៣ ០០០ដើម ត្រូវបានដាំនៅលើផ្ទៃដីដែលមានទំហំប្រមាណ ៣ហិកតា៕