សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដង្ហែ ព្រះករុណាព្រះមហាក្សត្រ យាងប្រារព្ធព្រះរាជពិធីបុណ្យ «រុក្ខទិវា៩កក្កដា» នៅខេត្តតាកែវ
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងក្នុងព្រះរាជពិធីបុណ្យ «រុក្ខទិវា៩កក្កដា» ដែលប្រារព្ធធ្វើឡើងនៅតំបន់ស្ដារព្រៃឈើបន្ទាយអង្គរ ស្ថិតក្នុងភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។
«រុក្ខទិវា» បានប្រារព្ធធ្វើឡើងតំាងពីឆ្នាំ១៩៥២ នៅក្នុងសម័យសង្គមរាស្រ្តនិយម ក្រោមព្រះរាជតម្រិះព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ រាជរដ្ឋាភិបាលកម្ពុជាបានបន្តមរតកដ៏ល្អនេះ ក្នុងការបំផុសចលនាដាំដើមឈើឡើងវិញ ជំរុញឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាអភិរក្សសម្បត្ដិព្រៃឈើ និងគិតគូរដល់បរិស្ថានរស់នៅ តំាងពីឆ្នាំ១៩៩២ មកម៉្លេះ។
នៅក្នុងពិធីរុក្ខទិវានាថ្ងៃនេះ មានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះមហាក្សត្រ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឥស្សរជនជាតិ ព្រមទាំងសមាជិកព្រឹទ្ធសភា រដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល ជាច្រើនរូបទៀត។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីបណ្តាអង្គទូតនានាប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
មកទល់ឆ្នាំនេះ «រុក្ខទិវា» គឺមានរយៈពេល៧២ឆ្នាំ ហើយ ។គួរជម្រាបជូនថា ឆ្នាំនេះ មានកូនឈើធ្នង់ គ្រញូង និងក្ងោក សរុបចំនួន ៣ ០០០ដើម ត្រូវបានដាំនៅលើផ្ទៃដីដែលមានទំហំប្រមាណ ៣ហិកតា៕