អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស៊ីធរកណ្ដាល សហការជាមួយ វិទ្យាល័យព្រៃដើមថ្នឹង រៀបចំពិធី អបអរសាទរខួបលើកទី៧២ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ លោក យឹម យូគង់ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចាត់អោយ លោក គង់ វណ្ណៈ សមាជិកគណៈកម្មាធិការអនុសាខា ដឹកនាំមន្ត្រីប្រចាំការ សហការជាមួយ នាយក នាយករង និងលោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន នៃវិទ្យាល័យព្រៃដើមថ្នឹង ដឹកនាំយុវជនកាកបាទក្រហមកម្ពុជា និងសិក្សានុសិស្ស សរុបចំនួន ១០៥នាក់ ស្រី ៧៦នាក់ ក្នុងនោះយុវជន កក្រក ចំនួន ១២នាក់ ស្រី ១០នាក់ រៀបចំពិធីអបអរសាទរខួបលើកទី៧២ “រុក្ខទិវា” ក្រោមប្រធានបទ “ព្រៃឈើ ដើម្បីប្រជាជន និងការអភិវឌ្ឍដោយចីរភាព” និងបានដាំកូនឈើចំនួន ៥០ដើម (ដើមឈើទាល ៣០ដើម និងដើមគគីរ ២០ដើម) នៅទីធ្លារវិទ្យាល័យព្រៃដើមថ្នឹង ស្ថិតក្នុងឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
នាឱកាសនោះ លោកសមាជិកគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងលោក យឹម យូគង់ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស៊ីធរកណ្ដាល ជូនដល់សមាជិកសមាជិកានៃអង្គពិធីទាំងមូល។
ជាមួយគ្នានោះ លោកបានមានប្រសាសន៍បន្តទៀតថា ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នេះ គឺជាខួបលើកទី៧២ “រុក្ខទិវា” (៩ កក្កដា ១៩៥២-៩ កក្កដា ២០២៤) ដែលជាទិវាមួយត្រូវបានប្រារព្ធធ្វើឡើងដើម្បីជំរុញចលនាដាំដុះឡើងវិញនូវកូនឈើ និងបំផុសស្មារតីស្រឡាញ់ព្រៃឈើ ធនធានធម្មជាតិក្នុងសង្គម ឈានទៅការចូលរួមថែរក្សា ការពារ និងបញ្ចប់ការកាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិ និងសំណូមពរអោយ ប្អូនៗ ក្មួយៗ សិស្សានុសិស្សទាំងអស់ សូមចូលរួមថែរក្សា ការពារព្រៃឈើ និងដាំកូនឈើ នៅគ្រប់ទីកន្លែង ដើម្បីបានជាប្រយោជន៍ដល់ការរស់នៅរបស់មនុស្សសត្វ និងប្រព័ន្ធជីវៈចម្រុះ ការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ឱ្យបានគង់វង្សជាសម្បត្តិរបស់មនុស្សជាតិតរៀងទៅ។
ក្នុងឱកាសនោះដែរ ក្រុមការងារ បានធ្វើការផ្សព្វផ្សាយស្តីពីការប្រែប្រួលអាសធាតុផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងបានសំណូមពរអោយបងប្អូនមេត្តាខិតខំថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត បរិភោគស្អាត ផឹកស្អាត ព្រមទាំងត្រូវខិតខំសិក្សារៀនសូត្រអោយបានពូកែ មានក្រមសីលធម៌ល្អ ដើម្បីក្លាយខ្លួនជាអ្នកបន្តវេន និងធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិ៕