រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់សម្ដេចធិបតី ពាក់ព័ន្ធកិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ពាក់ព័ន្ធកិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់សម្ដេចនាយករដ្ឋមន្ត្រី ពាក់ព័ន្ធកិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានស្នើដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ត្រូវពង្រឹងការអនុវត្តច្បាប់ស្ដីពីការបង្ក្រាបនិងទប់ស្កាត់ល្បែងស៊ីសង ដោយមិនត្រូវឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទកើតមានក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនឡើយ។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនត្រូវចេញលិខិតអនុញ្ញាតឱ្យបើកល្បែងស៊ីសងគ្រប់ប្រភេទឡើយ ហើយមន្ត្រីឬអាជ្ញាធរណាដែលនៅតែចេញលិខិតបើកល្បែងស៊ីសងនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ដែលបានកំណត់។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានស្នើឱ្យអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវពិនិត្យឡើងវិញនូវទីតាំងល្បែងស៊ីសងទាំងឡាយ ដែលបានបិទនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ហើយចុះពិនិត្យតាមដានឡើងវិញ មិនត្រូវឱ្យមានទីតាំងណាមួយបើកដំណើរការឡើងវិញដែរ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានឱ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ ទូទាំងខេត្ត ត្រូវអនុវត្តគោលការណ៍របស់សម្ដេចនាយករដ្ឋមន្ត្រី ពាក់ព័ន្ធ បញ្ហាក្មេងជំនើង បញ្ហាគ្រឿងញៀន និងល្បែងស៊ីសងដែលកើតមាននៅក្នុងភូមិសាស្ត្ររបស់ខ្លួន ហើយកន្លងមកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើការបិទក្រុមហ៊ុនល្បែងស៊ីសងគ្មានច្បាប់អនុញ្ញាត៨១៩ ទីតាំង ហើយនៅសល់ ៤ ទីតាំង គឺក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណនៅមានសុពលភាព។
ជាមួយគ្នានេះផងដែរ ឯកឧត្តម គួច ចំរើន ណែនាំដល់មន្ត្រីទាំងអស់មិនថាអាជ្ញាធរមូលដ្ឋានឬកងកម្លាំងឡើយ ត្រូវដកខ្លួនឱ្យផុតពីបញ្ហាល្បែងស៊ីសង ហើយបើមានមន្ត្រីណាពាក់ព័ន្ធ និងល្បែង ឬការល្បែងស៊ីសង ត្រូវចាត់វិធានការតាមច្បាប់ដោយមិនមានការយោគយល់ឡើយ ៕