កម្ពុជាបន្តផ្ដល់ភាពរាក់ទាក់ជូនវិនិយោគិនបារាំង តាមរយៈការរៀបចំពិធីលៀងសាយភោជ ទទួលវិនិយោគិនប្រមាណ ២០០នាក់ ក្នុងទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវីធីលៀងសាយភោជ នៃវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី២ ឆ្នាំ២០២៤ ដែលរៀបចំឡើងក្នុងវិមានរាជរដ្ឋាភិបាល ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កម្មវិធីនាឱកាសនេះមានការចូលរួមពីឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកអ្នកឧកញ៉ាប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា និងធុរជនកម្ពុជា-បារាំងជាច្រើនរូប។
ជាការប្ដេជ្ញាចិត្តរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកឡើងក្នុងវេទិកាធុរកិច្ចនេះផងដែរបើទោះបីជាស្ថានភាពវិនិយោគផ្ទាល់ពីបារាំងមកកម្ពុជាមានកម្រិតនៅឡើយ ប៉ុន្តែក្នុងនាមឯកឧត្តមផ្ទាល់នឹងព្យាយាមបន្ថែមទៀតជំរុញពង្រីកការវិនិយោគដោយផ្ទាល់ពីបារាំងនៅកម្ពុជាឱ្យបានច្រើន។
មានប្រសាសន៍លើកឡើងក្នុងកម្មវិធីលៀងសាយភោជ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថាបន្ទាប់ពីវេទិកាធុរកិច្ចនេះរួចរាល់ កំណើនវិនិយោគិនបារាំងនៅកម្ពុជានឹងមានការកើនឡើងមួយកម្រិតទៀត។ ជាងនេះទៅទៀត នៅមុនបំណាច់ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើដំណើរទៅប្រទេសបារាំងដើម្បីគោះទ្វារទាក់ទាញវិនិយោគិនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ៕