ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក ទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រសួងថាមពល ធនធានទឹក និងធារាសាស្រ្តប្រទេសនេប៉ាល់
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំមន្រ្តីជំនាញជាន់ខ្ពស់ក្រសួង ទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រសួងថាមពល ធនធានទឹក និងធារាសាស្រ្តប្រទេសនេប៉ាល់ ដែលមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីវិស័យគ្រប់គ្រងធនធានទឹក ជលសាស្រ្ត និងឧតុនិយមរបស់ប្រទេសកម្ពុជា។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ភាគីទាំងពីរបានពិភាក្សាពីការចែករំលែកបទពិសោធន៍លើការងារជលសាស្រ្ត-ឧតុនិយម ហើយភាគីនេប៉ាល់ក៏បានលើកឡើងពីបទពិសោធន៍ការធ្វើទំនើបកម្មជលសាស្រ្ត-ឧតុនិយម និងការព្យាករដែលជួយប្រទេសនេប៉ាល់កាត់បន្ថយបានគ្រោះមហន្តរាយ និងការពារអាយុជីវិតប្រជាជនបានយ៉ាងច្រើន។
ទន្ទឹមនឹងនោះភាគីនេប៉ាល់បានលើកឡើងពីសារៈសំខាន់ និងភាពប្រសើរឡើងនៃការគ្រប់គ្រងធនធានទឹកផ្អែកលើការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) ដោយអន្តរវិស័យធ្វើការងាររួមគ្នា និងការងារបែងចែក និងបង្វែរទឹក (Inter Riverbasin Transfer)។
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ភាគីទាំងពីរ បានឯកភាពគ្នានឹងបន្តឱកាសកិច្ចសហការនាពេលអនាគតលើការកសាងសមត្ថភាព ការសិក្សាស្រាវជ្រាវលើវិស័យគ្រប់គ្រងធនធានទឹក ជលសាស្រ្ត និងឧតុនិយមរវាងប្រទេសទាំងពីរផងដែរ ៕