ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនក្នុងក្របខណ្ឌក្រសួងសាធារណការ
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការក្រោមឱវាទក្រសួង នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។
យុទ្ធនាការធ្វើតេស្តរកសារធាតុញៀននៅក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានរៀបចំឡើងដើម្បីចូលរួមអនុវត្តនូវបទបញ្ជាលេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំលេខ០០១ សណន.អ.ជ.ប.គ.ញ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានដាក់ចេញឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់ ក្នុងគោលបំណងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងសារធាតុញៀនខុសច្បាប់។
យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់១២ ខែកក្កដា ឆ្នាំ២០២៤ ដែលនឹងត្រូវអនុវត្តការធ្វើតេស្តជាទូទៅ ចាប់ពីបុគ្គលិកជាប់កិច្ចសន្យា មន្រ្តីរាជការ រហូតដល់ថ្នាក់ដឹកនាំក្រសួងទាំងអស់ ៕