ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន ចូលរួមពិធីប្រគល់ពានរង្វាន់អតីតនិស្សិតកិត្តិយស មហាវិទ្យាល័យអប់រំ ក្នុងឱកាសខួបលើកទី៦៧ នៃការបង្កើតមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យជុឡាឡុងកន
បាងកក៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ពានរង្វាន់អតីតនិស្សិតកិត្តិយស (Honorary Alumni Award) មហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យជុឡាឡុងកន ក្នុងឱកាសខួបលើកទី៦៧ នៃការបង្កើតមហាវិទ្យាល័យអប់រំ នៅសាកលវិទ្យាល័យជុឡាឡុងកន ក្នុងទីក្រុងបាងកក ប្រទេសថៃ។
ជារៀលរាល់ឆ្នាំ ក្នុងឱកាសពិធីខួបនៃការបង្កើតមហាវិទ្យាល័យអប់រំ សាកលវិទ្យាល័យតែងរៀបចំប្រគល់ពានរង្វាន់ទទួលស្គាល់ស្នាដៃរបស់អតីតនិស្សិត។ សម្រាប់ឆ្នាំ២០២៤ នេះ គណៈកម្មការជ្រើសរើសបានពិចារណាផ្តល់ពានរង្វាន់ចំនួន ៣ប្រភេទ ដល់អតីតនិស្សិតដែលមានគុណសម្បត្តិសមស្របគឺ៖ ១). អតីតនិស្សិតដែលមានស្នាដៃឆ្នើម និងទទួលបានជោគជ័យក្នុងអាជីពការងារ ២). អតីតនិស្សិតមានស្នាដៃឆ្នើម និងកេរ្តិ៍ឈ្មោះកម្រិតជាតិ និងអន្តរជាតិ និង ៣). អតីតនិស្សិតបានបម្រើប្រយោជន៍ក្នុងវិស័យអប់រំដល់សង្គម និងប្រទេសជាតិ។
សម្រាប់ឆ្នាំ២០២៤នេះ ពានរង្វាន់ប្រភេទអតីតនិស្សិតដែលមានស្នាដៃឆ្នើម និងទទួលបានជោគជ័យក្នុងអាជីពការងារ ត្រូវបានប្រគល់ជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន បណ្ឌិត ហុង គឹមជាង និង បណ្ឌិត ប៉ិច សៀង៕