សម្តេចធិបតី៖ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យកីឡា ដើម្បីពង្រឹងសមត្ថភាពកីឡាករ ឱ្យកាន់តែខ្លាំង ក្នុងការដណ្ដើមយកជ័យជម្នះ ក្នុងព្រឹត្តិការណ៍កីឡាធំៗ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍវិស័យកីឡា ដើម្បីបង្កលក្ខណៈល្អប្រសើរ សម្រាប់ បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងការលេងកម្សាន្ត និង ពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី ឱ្យកាន់តែខ្លាំង ពូកែ ក្នុងការប្រកួតដណ្ដើមយកជ័យជម្នះ ក្នុងព្រឹត្តិការណ៍កីឡាធំៗ។
ក្នុងឱកាសអញ្ជើញបើកជាផ្លូវការ ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ថ្ងៃនេះសម្តេចពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបើកការប្រកួតយុទ្ធគុនចម្រុះជ្រើស- រើសជើងឯកអាស៊ីលើកទី២ នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកីឡាយុទ្ធគុនចម្រុះទាំង ១៨ប្រទេស ដែលបានចូលរួម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គណៈប្រតិភូតំណាងចលនាអូឡាំពិក និង សមាគមយុទ្ធគុនចម្រុះអាស៊ី ដែលបានផ្តល់ទំនុក ចិត្តដល់កម្ពុជា ក្នុងការរៀបចំ ការប្រកួតជ្រើសរើសជើងឯកកីឡាយុទ្ធគុនចម្រុះអាស៊ី លើកទី២ នេះ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញថា កម្ពុជាទើបតែបានរៀបចំ ការប្រកួតកីឡា SEA Games លើកទី៣២ និង ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ ដោយទទួលបានជោគជ័យ ដ៏ត្រចះត្រចង់ ៕