សម្តេចធិបតី អរគុណដល់គណៈប្រតិភូតំណាងចលនាអូឡាំពិក និងសមាគមយុទ្ធគុនចម្រុះអាស៊ី ដែលបានផ្តល់ទំនុកចិត្តដល់កម្ពុជា ក្នុងការរៀបចំការប្រកួតជ្រើសរើសជើងឯកកីឡាយុទ្ធគុនចម្រុះអាស៊ីលើកទី២
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់គណៈប្រតិភូតំណាងចលនាអូឡាំពិក និងសមាគមយុទ្ធគុនចម្រុះអាស៊ី ដែលបានផ្តល់ទំនុកចិត្តដល់កម្ពុជា ក្នុងការរៀបចំការប្រកួតជ្រើសរើសជើងឯកកីឡាយុទ្ធគុនចម្រុះអាស៊ីលើកទី២ នាឆ្នាំ២០២៤នេះ ខណៈកម្ពុជាទើបតែទទួលជោគជ័យលើការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាSEA Games លើកទី៣២ និង ASEAN Para Games លើកទី១២ ឆ្នាំ២០២៣។
ក្នុងឱកាសអញ្ជើញបើកជាផ្លូវការ ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃនេះសម្តេចពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបើកការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតីសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកីឡាយុទ្ធគុនចម្រុះទាំង១៨ប្រទេស ដែលបានអញ្ជើញចូលរួម។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់គណៈប្រតិភូតំណាងចលនាអូឡាំពិក និង សមាគមយុទ្ធគុនចម្រុះអាស៊ី ដែលបានផ្តល់ទំនុក ចិត្តដល់កម្ពុជា ក្នុងការរៀបចំ ការប្រកួតជ្រើសរើសជើងឯកកីឡាយុទ្ធគុនចម្រុះអាស៊ី លើកទី២នេះ។
សម្តេចធិបតីបានគូសបញ្ជាក់ថា វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់ ទាំងនៅកម្ពុជា និងសកលលោក ដោយកីឡាទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រ កាន់តែច្រើនពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ៕