ឯកឧត្តម កើត រិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលរយៈពេល ៦ខែ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ
ភ្នំពេញ៖ នៅរសៀលថ្ងៃ ទី១០ ខែកក្កដា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ បានដឹកនាំកិច្ចប្រជុំ ដើម្បីបូកសរុបលទ្ធផលការងារអនុវត្តយុទ្ធនាការរយៈពេល ៦ខែ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទូទាំងប្រទេស។
នៅក្នុងកិច្ចប្រជុំនេះ, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមានជាច្រើន ដែលទទួលបាន នៅក្នុងការអនុវត្តយុទ្ធនាការរយៈពេល ៦ខែកន្លងទៅ ចាប់ពីថ្ងៃប្រកាសដាក់ចេញយុទ្ធនាការ កាលពីថ្ងៃទី៩ ខែមករា ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។
ទន្ទឹមនេះ, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍ណែនាំបន្ថែម ដើម្បីជំរុញឱ្យការអនុវត្តយុទ្ធនាការទាំង២ កាន់តែមានប្រសិទ្ធភាព ក្នុងការដោះស្រាយបណ្តឹងជូនប្រជាពលរដ្ឋ សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌៕