សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអង្ករ ៥តោន ដល់កងពលតូចថ្មើរជើងលេខ៥២ សម្រាប់ចែកជូនអតីតយុទ្ធជន គ្រួសារយោធិន និងពលរដ្ឋក្នុងមូលដ្ឋានដែលខ្វះខាត
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចុះសំណេះសំណាល និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អង្ករចំនួន ៥តោន ប្រគល់ជូនកងពលតូចថ្មើរជើងលេខ៥២ យោធភូមិភាគទី៥ កងទ័ពជើងគោក សម្រាប់ចែកជូនដល់អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានការខ្វះខាត។
ជំនួសមុខឲ្យ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលតូចថ្មើរជើងលេខ៥២ លោកឧត្តមសេនីយ៍ត្រី គុជ នាង សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរដល់សុខទុក្ខរបស់កងកម្លាំង និងក្រុមគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស តាមរយៈការជួយឧបត្ថម្ភ និងទំនុកបម្រុងផ្សេងៗ តាំងពីដើមរៀងមក៕