កម្មករនិយោគជិតកម្ពុជាភាគច្រើនកំពុងទទួលបានឱកាសការងារក្រោមការវិនិយោគពីប្រទេសចិន
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា គិតត្រឹមខែកក្កដាឆ្នាំ២០២៤នេះ មានកម្មករនិយោគជិតជាង៩សែននាក់កំពុងទទួលបានទីផ្សារការងារក្នុងវិស័យវាយភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ដែលភាគច្រើននៅក្នុងរោងចក្រសហគ្រាសចិន។
នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា រោងចក្រសហគ្រាសជាច្រើននៅកម្ពុជាមានថៅកែ ឬអ្នកនិយោគមកពីប្រទសចិន ជាពិសេសលើ វិស័យវាយភណ្ឌ កាត់ដេរ និងផលិតស្បែកជើងតែម្តង។
ឯកឧត្តមអ្នកនាំពាក្យបានរំលេចដែរថា ក្នុងចំណោមប្រទេសដៃគូវិនិយោគធំៗរបស់កម្ពុជាប្រទេសចិនបានឈរលេខរៀងទី១។
ឯកឧត្តមថ្លែងថា៖«ប្រទេសចិន និងកម្ពុជាគឺជាមិត្តគ្រប់ជ្រុងជ្រោយ ដោយចិនបានជួយកម្ពុជាជាច្រើនលើវិស័យអប់រំ អភិវឌ្ឍន៍សេដ្ឋកិច្ច ជាក់ស្តែងយើងឃើញថា រោងចក្រសហគ្រាសជាច្រើននៅប្រទេសកម្ពុជាជាអ្នកវិនិយោគមកពីប្រទេសចិន ជាពិសេសលើស័យវាយភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនេះឯង។»
ជាមួយគ្នានេះដែរលោកសួងហួតប្រធានប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាហៅកាត់ថាNACC បានជឿជាក់ថា វិនិយោទុនចិនកាន់តែច្រើននឹងមកបង្កើតរោងចក្រសហគ្រាសនៅកម្ពុជាដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើន។
លោកបញ្ជាក់ថា ៖ «ខ្ញុំក៏សង្ឃឹមថា ឯកឧត្តមវ៉ាង វិនពីនឯកអគ្គរដ្ឋទូតចិនថ្មី និងជួយជំរុញ កៀរគរអ្នកវិនិយោគចិនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ បន្ថែមពីនេះទៀត ខ្ញុំក៏សង្ឃឹមថាទំនាក់ទំនងរវាងសហជីព និងសហជីពប្រទេសទាំងពីរកាន់តែប្រសើរឡើង។»
បើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ៖ ប្រទេសចិន ក៏បានជួយកម្ពុជាលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សា និងធ្វើកម្មសិក្សានៅប្រទសចិន ការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅតាមវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួនទៀត ដែលស្ថិតនៅក្រោមក្រសួងការងារផងដែរ៕