ភាពរស់រវើកនៃសេដ្ឋកិច្ចចិននឹងរួមចំណែកដល់ការងើបឡើងនៃសេដ្ឋកិច្ចសកល
នាពេលថ្មីៗនេះ សហគមន៍អន្តរជាតិបានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសចិន។ ភ្នាក់ងារសារព័ត៌មានអន្តរជាតិ និងក្រុមអ្នកស្រាវជ្រាវបានចេញផ្សាយអត្ថបទ និងធ្វើបទអត្ថាធិប្បាយវិភាគជាច្រើនអំពីស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសចិន ដែលក្នុងនោះអ្នកខ្លះបានធ្វើការវិភាគប្រកបដោយហេតុផលសមស្រប ប៉ុន្តែអ្នកមួយចំនួនទៀតបានសរសេរបំភ្លៃខុសពីការពិត និងលាបពណ៌អវិជ្ជមានលើស្ថានភាពសេដ្ឋកិច្ចរបស់ចិន។ ការវិភាគបែបលាបពណ៌ខាងលើគឺមានចេតនាផ្នែកនយោបាយច្រើនជាងបង្ហាញពីភាពពិតជាក់ស្តែងនៃស្ថានភាពសេដ្ឋកិច្ចរបស់ចិន។
តើអ្វីទៅជានិន្នាការបច្ចុប្បន្ននៃស្ថានភាពសេដ្ឋកិច្ចរបស់ចិន? ផ្ទុយពីការលាបពណ៌របស់អ្នកវិភាគមួយចំនួន សេដ្ឋកិច្ចចិននៅតែមានភាពរស់រវើក និងរក្សាបាននូវសន្ទុះនៃការងើបឡើងវិញដ៏គួរឱ្យកត់សម្គាល់ចាប់តាំងពីដើមឆ្នាំ ២០២៤ ជាមួយនឹងអត្រាកំណើនផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ប្រមាណ ៥,៣% ក្នុងត្រីមាសទីមួយ ហើយផ.ស.សរបស់ចិនត្រូវបានរំពឹងទុកថានឹងបន្តកំណើនថេរនៅក្នុងត្រីមាសទីពីរនេះ។ ការណ៍នេះធ្វើឱ្យស្ថាប័នអន្តរជាតិមួយចំនួនដូចជា Barclays និង Goldman Sachs បានបង្កើនការព្យាករណ៍ចំពោះអត្រាកំណើនផ.ស.សរបស់ចិន ពី ៤,៤% មក ៥% និង ៤,៨% ក្នុងឆ្នាំ ២០២៤ រៀងគ្នា ហើយថ្មីៗនេះ ធនាគារពិភពលោកក៏បានកែប្រែការព្យាករណ៍ពីអត្រាកំណើនសេដ្ឋកិច្ចចិន ពី ៤,៥% មក ៤,៨% នៅឆ្នាំ២០២៤។ តួរលេខនេះគឺជាទឡ្ហីករណ៍ដែលមានលក្ខណៈវិទ្យាសាស្ត្រ និងមិនអាចប្រកែកបានថា សេដ្ឋកិច្ចចិននៅតែមានភាពធន់ និងបន្តនូវភាពរស់រវើករបស់ខ្លួន ទោះបីស្ថិតក្នុងកាលៈទេសៈដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា និងអត្រាកំណើនយឺតក៏ដោយ។ ជាក់ស្តែងនៅឆ្នាំ២០២៣ កន្លងទៅ ទោះបីប្រទេសចិនជួបបញ្ហាប្រឈមនានាពីមជ្ឈដ្ឋានខាងក្រៅ និងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យក្នុងស្រុកក៏ដោយ ចិននៅតែអាចសម្រេចបានកំណើនផ.ស.ស ៥,២% ដែលនេះបានបង្ហាញភាពធន់នៃសេដ្ឋកិច្ចចិន ខុសពីការបំភ្លៃរបស់អ្នកអគតិមួយចំនួន។ ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកលំដាប់ទី២ ប្រទេសចិនបានរួមចំណែកដល់កំណើនផ.ស.សរបស់ពិភពលោកប្រមាណ ៣០% ហើយត្រូវបានសម្លឹងមើលឃើញថានឹងនៅតែបន្តដើរតួនាទីជាក្បាលម៉ាស៊ីនដ៏ធំបំផុតមួយ ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចសកលឱ្យឈានដល់កម្រិតថ្មីមួយទៀត ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
ទាំងនេះពុំមែនជាអ្វីដែលកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែជាកិច្ចប្រឹងប្រែងរួមរបស់រដ្ឋាភិបាលចិន ដែលមានឯកឧត្តមប្រធានរដ្ឋ ស៊ី ជីនពីង ជាអគ្គមគ្គុទេសដ៏ឆ្នើម និងកម្លាំងសាមគី្គភាពរបស់ប្រជាជនចិនទាំង ១,៤ ប៊ីលាននាក់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ រដ្ឋាភិបាលចិនបាន និងកំពុងដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដោយផ្តោតសំខាន់លើការបង្កើតកម្លាំងផលិតថ្មី ក្នុងវិស័យបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យា និងឧស្សាហកម្មទំនើប ហើយលទ្ធផលបានមកពីកិច្ចប្រឹងប្រែងទាំងអស់នេះ នឹងជះឥទ្ធិពលជាវិជ្ជមានដល់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ មិនថាស្ថានភាពពិភពលោកមានការប្រែប្រួលឆាប់រហ័ស និងស្មុគ្រស្មាញយ៉ាងណា សេដ្ឋកិច្ចចិននៅតែបន្តនូវភាពរស់រវើក និងរួមចំណែកជាវិជ្ជមានដល់ការងើបឡើងនៃសេដ្ឋកិច្ចសកល ហើយគោលដៅកំណើន ៥% នៅចុងឆ្នាំ២០២៤ នឹងអាចសម្រេចបានដូចអ្វីដែលរដ្ឋាភិបាលចិនបានគ្រោងទុក។
ដោយ ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា