ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បិទវគ្គបំប៉នការងារដឹកនាំជូនដល់លោក-លោកស្រីស្នងការរង រាជធានី-ខេត្ត
ភ្នំពេញ៖ អនុវត្តតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានរៀបពិធីបិទវគ្គបំប៉នការងារដឹកនាំជូនដល់លោក-លោកស្រី ស្នងការរង មកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំនួន០៥ សរុបចំនួន១៣០នាក់ ដើម្បីពង្រឹងសមត្ថភាពជូនដល់នាយនគរបាលឱ្យមានចំណេះជំនាញកាន់តែច្បាស់លាស់ឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹងការងារដឹកនាំក្នុងអង្គភាពអនុវត្តភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
វគ្គបំប៉នបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងកការនគរបាលរាជធានីភ្នំពេញ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានលើកឡើងថា៖វ គ្គបំប៉នេះគឺផ្តើមឡើងដោយមានការគិតគូរយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិគឺក្នុងគោលបំណងបង្កើនចំណេះជំនាញជូនដល់លោក-លោកស្រីស្នងការរង ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំបញ្ជាការងារលើកិច្ចការការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឱ្យមានគុណភាព ប្រសិទ្ធភាព នៅក្នុងតំណាក់កាលដែលព្រះរាជាណាចក្រកម្ពុជា កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ។
ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងទៀតថា វគ្គបំប៉នគឺមានសារសំខាន់សម្រាប់លោកស្រីស្នងការរងទទួលបានបទពិសោធន៍ជាក់ស្តែងពីគ្រូបង្គោលដែលមានបទពិសោធន៍លើការងារដឹកនាំនិងក៏បាន ផ្តាំផ្ញើដល់លោកលោកស្រីស្នងការរង ដែលជាសិក្ខាកាមត្រូវយកចិត្តទុកដាក់រៀនសូត្រស្តាប់រាល់ការបង្ហាត់បង្ហាញមេរៀនពីគ្រូបង្គោល ដើម្បីទទួលបានចំណេះដឹងពិតប្រាកដយកទៅបម្រើការងារនៅក្នុងអង្គភាពរបស់ខ្លួនឱ្យបានជោគជ័យ៕