អាល្លឺម៉ង់នឹងដកក្រុមហ៊ុន Huawei ចេញពីបណ្តាញ 5G របស់ខ្លួន
បរទេស៖ រដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទូរគមនាគមន៍ធំៗ ដើម្បីឲ្យពួកគេឈប់ប្រើប្រាស់សមាសធាតុសំខាន់ៗរបស់ Huawei និង ZTE នៅក្នុងហេដ្ឋារចនាសម្ព័ន្ធទូរស័ព្ទ 5G របស់ពួកគេក្នុងរយៈពេលប្រាំឆ្នាំ ដែលជាជំហានចុងក្រោយបង្អស់ដោយប្រទេសអឺរ៉ុបមួយក្នុងការហាមឃាត់ក្រុមហ៊ុនចិនពីហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដ៏សំខាន់។
លោក Nancy Faeser រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃព្រហស្បតិ៍ថា យើងកំពុងការពារប្រព័ន្ធសរសៃប្រសាទកណ្តាលនៃសេដ្ឋកិច្ចអាល្លឺម៉ង់ ហើយយើងកំពុងការពារការទំនាក់ទំនងរបស់ប្រជាពលរដ្ឋ ក្រុមហ៊ុន និងរដ្ឋ។
កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទូរគមនាគមន៍ – Deutsche Telekom, Vodafone និង Telefonica កើតឡើងជាពីរជំហាន។ ទី១.ការប្រើប្រាស់សមាសធាតុសំខាន់ៗដែលផលិតដោយចិននឹងត្រូវបញ្ឈប់ពីផ្នែកស្នូលនៃបណ្តាញ 5G របស់ប្រទេសនៅចុងឆ្នាំ២០២៦។ ទី២.គ្រឿងបន្លាស់ដែលផលិតដោយក្រុមហ៊ុនផលិតរបស់ចិននឹងត្រូវដកចេញពីអង់តែន ខ្សែបញ្ជូន និងប៉មនៅចុងឆ្នាំ២០២៩។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Huawei បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មិនមានភស្តុតាងជាក់លាក់ ឬសេណារីយ៉ូណាមួយដែលថាបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei មានហានិភ័យផ្នែកសន្តិសុខតាមអ៊ីនធឺណិតនោះទេ ដោយបន្ថែមថាក្រុមហ៊ុននឹងបន្តលើកកម្ពស់ការសាងសង់បណ្តាញទូរស័ព្ទចល័ត និងឌីជីថលនីយកម្មនៅក្នុងប្រទេសអាល្លឺម៉ង់។
ប្រទេសអាឡឺម៉ង់មានចំនួនប្រហែលមួយភាគបួននៃអតិថិជនទូរស័ព្ទចល័តនៅក្នុងសហភាពអឺរ៉ុបគឺពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារនាំចេញរបស់ចិន ហើយបានពន្យារពេលជាយូរមកហើយក្នុងការចាត់វិធានការយ៉ាងធ្ងន់ធ្ងរបែបនេះប្រឆាំងនឹងក្រុមហ៊ុនចិន។ ជំនួសមកវិញ វាបានជ្រើសរើសដើម្បីបញ្ជាក់សមាសធាតុដោយផ្អែកលើការត្រួតពិនិត្យសុវត្ថិភាពករណីនីមួយៗ។
បណ្តាប្រទេសនៅអឺរ៉ុបផ្សេងទៀតដូចជា ចក្រភពអង់គ្លេស ដាណឺម៉ាក ស៊ុយអែត ឡាតវី អេស្តូនី និងលីទុយអានី បានបង្កើតការហាមឃាត់លើសមាសធាតុ Huawei និង ZTE រួចហើយ។ សហរដ្ឋអាមេរិកបានដាក់កម្រិតលើការប្រើប្រាស់ឧបករណ៍ Huawei តាំងពីឆ្នាំ២០១៩ មកម្ល៉េះ។
ក្នុងការបង្ហាញការរៀបចំនេះ លោកស្រី Faeser បានរំលឹកឡើងវិញថា វាផ្អែកលើការចរចាជាមួយអ្នកផ្តល់សេវាទូរគមនាគមន៍អាល្លឺម៉ង់។ អ្នកផ្តល់សេវាទាំងនោះបានប្រកែកជាយូរមកហើយថាការផ្លាស់ប្តូរពីសមាសធាតុ Huawei និង ZTE លឿនពេកនឹងមានភាពស្មុគស្មាញ និងមានតម្លៃថ្លៃ។
លោកស្រី Faeser បានបន្តថា ការហាមឃាត់ក្រុមហ៊ុន Huawei និង ZTE ពីហេដ្ឋារចនាសម្ព័ន្ធទូរស័ព្ទរបស់អាល្លឺម៉ង់ត្រូវបានពិភាក្សានៅទីក្រុងប៊ែរឡាំង ចាប់តាំងពីរដ្ឋាភិបាលមុនដែលដឹកនាំដោយលោកស្រី Angela Merkel ប៉ុន្តែការសម្រេចចិត្តដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍កើតឡើងបន្ទាប់ពីការវាយតម្លៃសន្តិសុខយ៉ាងទូលំទូលាយ។
លោកស្រីបានមានប្រសាសន៍ថា ស្ថានភាពគំរាមកំហែងបច្ចុប្បន្នគូសបញ្ជាក់ពីសារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដែលមានសុវត្ថិភាព និងធន់ ជាពិសេសដោយមើលឃើញពីគ្រោះថ្នាក់នៃការបំផ្លិចបំផ្លាញ និងចារកម្ម។