មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យមើលឡើងវិញ នូវប័ណ្ណប្រកាសសុខភាពរបស់អ្នកដំណើរចូលកម្ពុជា
ភ្នំពេញ៖ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំបន្ទាន់ ស្តីពីការពិនិត្យមើលឡើងវិញ នូវប័ណ្ណប្រកាសសុខភាពរបស់អ្នកដំណើរចូលកម្ពុជា (Health Declaration of Traveler’s) ដើម្បីត្រៀមសម្រាប់ការងារដាក់ដំណើរការប្រព័ន្ធ E-Arrival។
កិច្ចប្រជុំនេះ មានការអញ្ជើញពី ឯកឧត្តមអគ្គនាយកបច្ចេកទេសសុខាភិបាល ឯកឧត្តមប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងក្រុមការងារពាក់ព័ន្ធទទួលបន្ទុកផ្នែកចត្តាឡីស័ក។
គោលបំណងក្នុងកិច្ចប្រជុំគឺ៖
១. ពិនិត្យទៅលើទម្រង់បំពេញព័ត៌មានបច្ចុប្បន្ន (Health Declaration of Traveler’s)
២. កែសម្រួលព័ត៌មានចាំបាច់សំខាន់ៗ ដែលត្រូវបំពេញសម្រាប់អ្នកដំណើរគ្រប់ច្រកចេញ ចូល
៣. បន្ថែមចំណុចខ្វះខាតនៅក្នុងទម្រង់បំពេញព័ត៌មាន
ជាជំហានបន្ទាប់ អង្គប្រជុំ នឹងស្នើឱ្យមានកិច្ចប្រជុំរួមមួយរវាងក្រសួងសុខាភិបាល ជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការសម្របសម្រួលនីតិវិធីក្នុងប្រព័ន្ធ Software (Cambodia E-Arrival) ដើម្បីពិនិត្យ និងអភិវឌ្ឍន៍ នូវយន្តការ E-Arrival ឱ្យបានទៅតាមការកំណត់របស់ប្រមុខរាជរដ្ឋាភិបាល ដែលគ្រោងនឹងដាក់អនុវត្តក្នុងខែសីហា ខាងមុខនេះ ៕