ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលទំនប់អាងទឹកសួង៧៨ ក្នុងភូមិសាស្រ្តខេត្តសៀមរាប
ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ៩កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នេះ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសនាយកដ្ឋាន ចុះពិនិត្យវឌ្ឍនភាពការងារជួសជុលទំនប់អាងទឹកសួង៧៨ ស្ថិតនៅឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
សូមជម្រាបថា ការងារសំខាន់ៗ របស់គម្រោងរួមមាន៖ ១)ជួសជុលទំនប់ប្រវែង ៤២០០ម៉ែត្រ និង ២)សំណង់សិល្បការ្យចំនួន ៨កន្លែង។
លោកប្រធាននាយកដ្ឋានវិស្វកម្មបានបញ្ជាក់ឱ្យដឹងថា ការងារជួសជុលបានចាប់ផ្តើមនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ៩០% ហើយគ្រោងនឹងបញ្ចប់នៅក្នុងចុងខែកក្កដា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ទំនប់អាងទឹកសួង៧៨ កសាងឡើងក្នុងសម័យប៉ុលពត មានតួនាទីទទួលយកទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីស្ទឹងជីក្រែងមកធ្វើការស្រោចស្រពលើផ្ទៃដីបង្កបង្កើផលកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រមាណ ១១៩០គ្រួសារ ក្នុងភូមិចំនួន៦ នៃស្រុកជីក្រែង ខេត្តសៀមរាប ៕