សម្តេច ម៉ែន សំអន ជួបសំណេះសំណាល ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ និងប្រគេនទៀនព្រះវស្សា ចំនួន ១៣វត្ត នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ៩កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សនៃព្រះរាជាណាចក្រ កម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌល ខេត្តស្វាយរៀង បានជួបសំណេះសំណាល និងចែក អំណោយជូនដល់ គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ និងប្រគេនទៀនព្រះវស្សា ដល់ព្រញសង្ឃគង់ចាំព្រះវស្សាចំនួន ១៣វត្ត ដែលបានរៀបចំនៅក្នុងវត្តស្វាយព្រហូត ស្ថិតនៅ ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ឆ្លៀតក្នុងឱកាសនេះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ដោយក្តីនឹករលឹក និងការគិតគូរ យកចិត្តទុក្ខ ដាក់អំពីសុខទុក្ខ របស់ប្រជាពលរដ្ឋកម្ពុជានៅគ្រប់ទីកន្លែង។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា អំណោយសប្បុរសនៅក្នុងថ្ងៃនេះ គឺជាទឹកចិត្ត និងសទ្ធាជ្រះថ្លា របស់ លោកស្រី ជួន សុធារ៉ា និងក្រុមគ្រួសារ តាមរយ: លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច ដែលបានរួមសហការគ្នា ក្នុងការជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយជ្រំថ្ងៃនេះ គឺជាការតបស្នង ជាការគោរពនិងដឹងគុណ និង ការផ្សារភ្ជាប់នូវក្តីអាណិត ស្រឡាញ់រវាងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។
នៅក្នុងពិធីសំណេះសំណាលនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវ៖
១.សូមប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព
២.ចូលរួមអនុវត្តឲ្យបាននូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ចូលរួមគោរព ច្បាប់ ចរាចរណ៍ និងជៀសផុតពីគ្រឿងញៀន
៣.ប្រជាពលរដ្ឋត្រូវខិតខំបន្ថែមទៀតក្នុងការបង្កើនការចិញ្ចឹមសត្វ ដូចជា ជ្រូក មាន់ ទា គោ ក្របី ត្រី ។ល។ ដើម្បីបង្កើនចំណូល ប្រចាំថ្ងៃសម្រាប់គ្រួសារ
៤.សូមព្រះសង្ឃនៅគ្រប់វត្ត និងប្រជាពលរដ្ន នៅគ្រប់ទីកន្លែង គ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវចូលរួមគ្រប់រូបភាព ក្នុងការគោះជួង ទូងស្គរ ព្រមៗគ្នានៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្រាប់ថ្ងៃបើកការដ្ឋាន គម្រោង ព្រែកជីកហ្វូណនតេជោ ខាងមុខនេះ តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់គំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
បន្ទាប់មក សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានវេរប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សា ដល់ព្រះសង្ឃ គង់ចាំព្រះវស្សាដល់វត្តចំនួន ១៣វត្ត នៅក្នុងស្រុកស្វាយជ្រំ ៕