ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារឡើងវិញប្រឡាយមេចរឹក ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ភ្នំពេញ៖ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសនាយកដ្ឋាន ចុះពិនិត្យវឌ្ឍនភាពការងារស្តារឡើងវិញប្រឡាយមេចរឹក(Mc2) ស្ថិតនៅឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
បើតាមលោកប្រធាននាយកដ្ឋានវិស្វកម្ម បានបញ្ជាក់ឱ្យដឹងថា ការងារគម្រោងស្តារឡើងវិញប្រឡាយមេចរឹក(Mc2) រួមមាន៖ ១)ស្តារប្រឡាយមេ ប្រវែង ៥០០០ម៉ែត្រ, ២)ជួសជុលភ្លឺប្រឡាយមេសងខាង ប្រវែង ៥០០០ម៉ែត្រ, ៣)ក្រាលក្រួសក្រហម ប្រវែង ៥០០០ម៉ែត្រ និង៤)សាងសង់សំណង់បង្ហៀរចំនួន២ កន្លែង ប្រវែងសរុប ១៤៦ម៉ែត្រ និងសាងសង់សំណង់ទ្វារទឹកលើប្រឡាយមេ (ទ្វារ៤) ចំនួន ១កន្លែង។ រហូតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបាន ១០០%។
លោកប្រធាននាយកដ្ឋានវិស្វកម្ម បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា គម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៩៧៥ហិកតា និងរដូវប្រាំងចំនួន ១១២៥ហិកតា ដោយមានប្រជាពលរដ្ឋប្រមាណ ១៦១៦គ្រួសារ ក្នុងឃុំចំនួន២ នៃស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ៕