ឯកឧត្តម សុខ លូ ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារងាយរងគ្រោះបំផុតនៅស្រុករតនៈមណ្ឌល ចំនួន ១០០គ្រួសារ
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសការី បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន ១០០គ្រួសារ មកពីភូមិចំនួន៣៣ក្នុងឃុំទាំង៥នៃស្រុករតនមណ្ឌល។ពិធីនេះប្រារព្វធ្វើ នៅបរិវេណវត្តស្ដៅខាងកើតឃុំស្ដៅស្រុករតនៈមណ្ឌល។
នាឱកាសដ៏វិសេសវិសាលនោះផងដែរ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ក៏បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ទោះនៅទីណាក៏ដោយ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ឲ្យជាប់ជាប្រចាំ ពោលគឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពោលគឺ ទីណាមាន ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើ ដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅ ស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹង ប្រែងប្រកបមុខរបរ បង្ករ បង្កើនផលដាំ ដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឱ្យបាន ប្រសើរឡើង។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានក្រើនរំលឹកនិងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ពេលជួបនឹងសកម្មភាពនានាពីការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ ការចំណាក់ស្រុកខុសច្បាប់ ដើម្បីមានការអន្តរាគមន៍បង្រ្កាបបានទាន់ពេលវេលា ទី២បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាហានិភ័យខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ហើយសូមឱ្យប្រជាពលរដ្ឋចូលរួមអប់រំណែនាំកូនចៅរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេលបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯងនិងអ្នកដទៃ។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានបន្តឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងយុទ្ធនាការដាំដើមឈើ ផ្ទះ១ខ្នង ដើមឈើ១ដើម ពោលគឺការដាំកូនឈើនាពេលនេះ គឺពិតជាបានបង្ហាញឱ្យឃើញពីការចូលរួមយ៉ាងសស្រាក់សស្រាំពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដើម្បីចូលរួមលើកកម្ពស់ដល់ភាពបៃតងនៃទីប្រជុំជនស្រុក ជាពិសេសក្រុងបាត់ដំបងឱ្យកាន់តែមានភាពស្រស់បំព្រង ស្របពេលដែលក្រុងបាត់ដំបង នឹងក្លាយជាទីក្រុងឆ្លាតវៃ Smart City ក៏ដូចជាការទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកលេងកម្សាន្តនៅខេត្តបាត់ដំបង កាន់តែមានការកើនឡើងថែមទៀត។
អំណោយដែលគ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ទឹកបរិសុទ្ធ ១កេស, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៉ីវ ១យួរ និងទឹកត្រី ១យួរផងដែរ ៕