ឯកឧត្តម ណុប រ័ត្ននិមល៖ ការជួបជុំគ្នានាថ្ងៃនេះ គឺដោយសារកត្តាសុខសន្តិភាព ប្រសិនបើប្រទេសជាតិយើងនៅមានសង្គ្រាម យើងក៏មិនអាចមានឱកាសកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងបាននោះទេ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ណុប រ័ត្ននិមល ជំនួយការសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ ៥៥៩គ្រួសារ ស្ថិតនៅក្នុងឃុំដើមឬ ស្រុកកណ្កាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តម ណុប រ័ត្ននិមល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងពីសំណាក់ ឯកឧត្ដមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ជូនបងប្អូនប្រជាពលរដ្ឋ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្កាល។
ឯកឧត្តម ណុប រ័ត្ននិមល បានគូសបញ្ជាក់ថា នៅក្រោមការដឹកនាំដ៏ឈ្លាសវៃ និងដ៏ប៉ិនប្រសប់របស់គណបក្សប្រជាជនកម្ពុជា និងរបស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ជាប្រមុខនាពេលកន្លងមកនេះ បានខិតខំកសាងស្តារ និងអភិវឌ្ឍន៍ជាតិចេញពីបាតដៃទទេ និងចេញពីគំនរផេះផង់សន្សល់ពីរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយធ្វើឲ្យសង្គមជាតិមានរីកចំរើនលើគ្រប់វិស័យ។ ដោយឡែកក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អាណត្តិទី៧នេះ បានខិតខំបន្តក្នុងការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ច និងការការពារបូរណភាពទឹកដី ពិសេសការពារថែរក្សានូវសុខសន្តិភាព ដើម្បីកំណើន ការងារ សេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុមរមនា។ ក្នុងនោះ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាល តែងបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខ និងការលំបាកខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ ហើយបានចាត់ទុកថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់សម្តេចផងដែរ។
ជាមួយគ្នានេះ ឯកឧត្ដម ណុប រ័ត្ននិមល ក៏បានថ្លែងអំណរគុណផងដែរចំពោះមន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ខេត្តកណ្តាល ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ និងប្រជាជនកម្ពុជា នាពេលអនាគត់។
ឯកឧត្តម ណុប រ័ត្ននិមល បានបន្តថា ជាការពិតណាស់ អី្វៗដែលកំពុងកើតមាន និងការជួបជុំគ្នានាថ្ងៃនេះ គឺដោយសារកត្តាសុខសន្តិភាព ប្រសិនបើប្រទេសជាតិរបស់យើងនៅមានសង្គ្រាម យើងក៏មិនអាចមានឱកាសធ្វើការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិកម្ពុជាយើងបាននោះទេ។
ក្នុងនាម ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី, ឯកឧត្ដម ណុប រ័ត្ននិមល បាននាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋក្នុងស្រុកកណ្កាលស្ទឹងចំនួន ៥៥៨គ្រួសារ ក្នុង១គ្រួសារមាន៖ អង្ករចំនួន ២៥គីឡូក្រាម, មីចំនួន ២កេសតូច, ត្រឹខចំនួន ២យួរ និងថវិកា ៣០.០០០រៀល ព្រមទាំងបានឧបត្ថម្ភសាលាស្រុកថវិកា ២លានរៀល និងកងកម្លាំងមានសមត្ថកិច្ចផងដែរ ៕