កងទ័ពស៊ូដង់ អះអាងថា ទាហានប៉ារ៉ាជាង ១០០នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង Khartoum
បរទេស៖ កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បានឲ្យដឹងថា យុទ្ធជនជាង ១០០នាក់ មកពីកងកម្លាំងគាំទ្ររហ័សរហួន (RSF) ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស ក្នុងប្រតិបត្តិការនៅក្នុងរដ្ឋធានី ខាទូម កាលពីថ្ងៃសៅរ៍។
SAF បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីម្សិលមិញ កងកម្លាំងរបស់យើងបានធ្វើប្រតិបត្តិការប្រកបដោយគុណភាពជាច្រើននៅក្នុងរដ្ឋធានី ក្នុងអំឡុងពេលនោះរថយន្តប្រយុទ្ធ RSF មួយចំនួនក៏ត្រូវបានបំផ្លាញផងដែរ។
ប្រទេសស៊ូដង់បានជាប់គាំងនៅក្នុងជម្លោះដ៏សាហាវរវាង SAF និង RSF ចាប់តាំងពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៣ ដែលរហូតមកដល់ពេលនេះបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៦,៦៥០នាក់ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពពីការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌កាលពីខែមុន។
មនុស្សជាង ៧.៧លាននាក់ត្រូវបានផ្លាស់ទីលំនៅខាងក្នុងប្រទេសស៊ូដង់ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះ ខណៈដែលប្រហែល ២.២លាននាក់ផ្សេងទៀតបានឆ្លងព្រំដែនចូលទៅក្នុងប្រទេសជិតខាង នេះបើយោងតាមតួលេខដែលចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនាដោយអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុករបស់អង្គការសហប្រជាជាតិ។