ឯកឧត្តម កៅ ថាច អញ្ជេីញជួបសំណេះសំណាលនិងផ្ដល់អនុសាសន៍មួយចំនួន ដល់បងប្អូនសហគមន៍កសិកម្ម ពន្លឺពេជ្រចិន្តា នៅខេត្តបាត់ដំបង
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានបន្តដំណេីរចុះជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍កសិកម្ម ពន្លឺពេជ្រចិន្តា នៅឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សហគមន៍កសិកម្មពន្លឺពេជ្រចិន្តានេះ បានបង្កេីតឡេីងនៅឆ្នាំ២០០៩ ក្នុងគោលបំណងដំបូងធ្វេីការសន្សំប្រាក់ និងផ្តល់កម្ចីដល់សមាជិកក្នុងសហគមន៍។ សហគមន៍មានសមាជិក ៤០០ គ្រួសារ ហេីយបច្ចប្បន្នបានផ្លាស់ប្តូរមកដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ដោយមានសមាជិកចំនួន ៨១ គ្រួសារ ដោយក្នុង១គ្រួសារមានផ្ទះសំញាញ់ពី ២ ខ្នង ទៅ ១០ ខ្នង ហេីយចំពោះសហគមន៍មានផ្ទះសំណាញ់ចំនួន ៣៧ ខ្នង(១ខ្នងទំហំ ១០ មx ២៥ ម) ដែលអាចផលិតបន្លែបានចន្លោះពី ១០០០ គីឡូក្រាម ទៅ ១៥០០ គីឡូក្រាមក្នុង១ថ្ងៃ ទៅតាមរដូវ(រដូវត្រជាក់ទទួលបានផលច្រេីនជាងរដូវក្រៅ)។
បន្លែដែលសហគមន៍ផលិត រួមមាន បន្លែខាត់ណាដេីម ខាត់ណាផ្កា ស្ពៃក្តោប ស្ពៃតឿ ស្ពៃក្រញ៉ាញ់ ប៉េងបោះឈឺរី និងម្ទេសហាវៃ ហេីយសហគមន៍ក៏បានកំណត់ផែនការដាំដុះសម្រាប់សមាជិកផងដែរ ចៀសវាងបន្លែជន់លេីទីផ្សារ។ ចំពោះទីផ្សារ សហគមន៍បោះដុំទៅសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា ដែលជាអ្នកចែកចាយបន្តទៅបណ្តាខេត្តនិងជាពិសេសរាជធានីភ្នំពេញ។
ការដាំបន្លែសុវត្ថិភាព ជួបបញ្ហាប្រឈមជំងឺផ្សិតនិងបាក់តេរីលេីស្ពៃក្តោបនិងខាត់ណា រីឯសត្វល្អិតពពួកទ្រីបលេីម្ទេសហាវៃ ហេីយបញ្ហាធំមួយទៀត គឺការប្រែប្រួលអាកាសធាតុឡេីងកំដៅ ដែលធ្វេីការផលិតបានផលតិច ព្រមទាំងមានការខ្វះទុនសម្រាប់ពង្រីកផ្ទះសំណាញ់។ សហគមន៍ ក៏ទទួលបានការឧបត្ថម្ភគាំទ្រដោយគម្រោង CASDP និងហាវែស។
ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាន៍ដល់សហគមន៍ធ្វេីការពង្រឹង និងពង្រីកផ្ទះសំណាញ់បន្ថែម ហេីយធានាគារ ARDB នឹងគាំទ្រក្នុងការផ្តល់ឥណទានតាមភាពជាក់ស្តែង ដោយឯកឧត្តមបណ្ឌិតចង់ឃេីញកសិករមានជីវភាពកាន់តែធូរធារជាងមុន។
ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត បានឆ្លៀតចូលពិនិត្យមើលសកម្មភាពលក់ដូរបន្លែបោះដុំនៅទីផ្សារបន្លែ យិន ម៉ាន ដែលមានមូលដ្ឋានស្រុកបរវេលខេត្តបាត់ដំបង ផងដែរ៕