សម្តេចធិបតី៖ នយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះនៃការរក្សាសន្តិភាពយូរអង្វែង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះនៃការរក្សាសន្តិភាពយូរអង្វែងដោយហេតុថានយោបាយឈ្នះ-ឈ្នះនេះ បានលុបបំបាត់ការរើសអើងខាងជាតិសាសន៍ សាសនា និងរវាងក្រុមមនុស្ស ព្រមទាំងផ្តល់នូវលទ្ធភាពដល់ពលរដ្ឋខ្មែរទាំងអស់រួមរស់សុខដុមរមនាក្នុងសង្គមជាមួយគ្នាថែមទៀតផង។
សម្តេចធិបតី បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៌អចិន្ត្រៃយ៍ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី បានគូសបញ្ជាក់ថា តាមរយៈនយោបាយឈ្នះ-ឈ្នះ រាជរដ្ឋាភិបាល ក៏បានបង្កើត អ.វ.ត.ក. ដោយមានកិច្ចសហការដ៏ល្អប្រសើរពីអង្គការសហប្រជាជាតិ និងការឧបត្ថម្ភគាំទ្រជាថវិកាពីសហគមន៍អន្តរជាតិ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៃរបបបខ្មែរក្រហម ការផ្សះផ្សាសង្គមដែលបែកបាក់ ការលុបបំបាត់វប្បធម៌និទណ្ឌភាព និងជាការផ្តល់សារមួយសម្រាប់មេដឹកនាំនៃបណ្តាប្រទេសទូទាំងពិភពលោកអំពីផលវិបាកនៃការប្រព្រឹត្តអំពើសាហាវយង់ឃ្នងព្រៃផ្សៃរបស់ពួកគេផងដែរ ៕