សម្តេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបានជោគជ័យជាប្រវត្តិសាស្ត្រក្នុងការផ្សះផ្សារជាតិ និងលុបបំបាត់វប្បធម៌និទណ្ឌភាពនៃអំពើសាហាវយង់ខ្នងក្នុងរបបខ្មែរក្រហម
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា យើងបានបង្កើត អ.វ.ត.ក. ដែលមានកិច្ចសហការដ៏ល្អប្រសើរ ពីអង្គការសហប្រជាជាតិ និងថោយមានការឧបត្ថម្ភគាំទ្រថវិកាពីសហគមន៍អន្តរជាតិ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម និងការផ្សះផ្សារសង្គមដែលបែកបាក់ ការលុបបំបាត់វប្បធម៌និទណ្ឌភាព និងការផ្តល់សារមួយសម្រាប់មេដឹកនាំបណ្តាប្រទេសទូទាំងពិភពលោក ពីផលវិបាកនៃការប្រព្រឹត្តអំពើសាហាវយង់ខ្នងព្រៃផ្សៃរបស់ពួកគេ។
ក្នុងឱកាសនោះ សម្តេចធិបតី បានថ្លែងបន្តថា អ.វ.ត.ក. បានសម្រេចជោគជ័យជាប្រវត្តិសាស្ត្រដោយនឹកស្មានមិនដល់ និងគួរឱ្យកត់សម្គាល់ក្រៃលែង ដោយបាននាំយកអតីតប្រមុខរដ្ឋនៃរបបមួយ មកធ្វើការជំនុំជម្រះទោស។ សកម្មភាពនេះជាការលាតត្រដាងពីការពិតជាប្រវត្តិសាស្ត្រអំពីរបបខ្មែរក្រហម និងបានផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ដោយបានជួយសម្រាលផ្លូវចិត្តដល់ពួកគាត់ ព្រមទាំងបានបន្សល់ទុកឯកសារសំណុំរឿងជាង ២,៤លានទំព័រ ជាភាសាខ្មែរ អង់គ្លេស និងបារាំង។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បញ្ចុះបឋមសិសា និងសម្ពោធសមិទ្ធផលអគារអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា» នព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ ៕