ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញធ្វើទស្សនកិច្ចនៅស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នាទីក្រុងញូយ៉ក
ភ្នំពេញ៖ នៅថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្ដមថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង បានអញ្ជើញធ្វើទស្សនកិច្ចនៅស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ នាទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។
ក្នុងឱកាសនោះ ឯកឧរដ្ឋមន្ត្រី និងគណៈប្រតិភូ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម ម៉ៅ ទិត្យារុណ អគ្គរាជទូតតំណាងអចិន្ត្រៃយ៍រងនៃស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងជាភារធារីស្ដីទីស្ថានទូតកម្ពុជាប្រចាំប្រទេសកាណាដា។
ឯកឧត្តមអគ្គរាជទូតតំណាងអចិន្ត្រៃយ៍រង បានសម្តែងនូវការស្វាគមន៍ដោយក្តីរីករាយចំពោះដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមវេទិកានយោបាយកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២៤ (HLPF on SDGs) និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀតពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ នាទីក្រុងញូវយ៉ក ៕