ប្រមុខរាជរដ្ឋាភិបាល៖ ប្រវត្តិសាស្ត្រដែលល្អ យើងត្រូវតែខិតខំប្រឹងប្រែងដើម្បីជោគជ័យ តែប្រវត្តិសាស្ត្រដែលជូរចត់ ត្រូវចងចាំ ហើយត្រូវជៀសវាងឲ្យបាន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ប្រវត្តិសាស្ត្រដែលល្អត្រូវតែខិតខំប្រឹងប្រែង ដើម្បីរៀនជោគជ័យ តែបើប្រវត្តិសាស្ត្រដែលជូរចត់ ត្រូវចងចាំ ហើយត្រូវធ្វើយ៉ាងណាជៀសវាងឲ្យបាន ។
ក្នុងពិធី «ទស្សនកិច្ច និងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)» នាថ្ងៃទី១៦ កក្កដា សម្តេចធិបតីបានលើកឡើងពីចំណុចមួយតាមរយៈវីដេអូឃ្លីបមួយនិយាយអំពីទិដ្ឋភាពទុក្ខវេទនា ក្នុងរបបបប្រល័យពូជសាសន៍ប៉ុលពត នៅលើបណ្តាញសង្គមដែលមានការបញ្ចេញមតិជាច្រើន ដោយសម្តេចកត់សម្គាល់ថា មនុស្សចាស់ បានចងចាំ ចំណែកយុវជន ឬក្មេងជំនាន់ក្រោយ បែរជាមិនជឿនូវសកម្មភាព វីដេអូឃ្លីប អំពីប្រវត្តិសាស្រ្តនោះមានន័យថា ក្មេងជំនាន់ក្រោយ អាចនឹងត្រូវបានមើលរំលងអំពីប្រវត្តិសាស្ត្រដែលទាមទារឲ្យមានការរំលឹក និងជំរុញផ្សព្វផ្សាយ ដើម្បីបញ្ជ្រៀបការយល់ដឹង អំពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ។
សម្តេចធិបតីបញ្ជាក់ថា «ប្រវត្តិសាស្ត្រដែលល្អ យើងត្រូវតែខិតខំប្រឹងប្រែងដើម្បីជោគជ័យ តែប្រវត្តិសាស្ត្រដែលជូរចត់ ត្រូវចងចាំ ហើយត្រូវធ្វើយ៉ាងណាជៀសវាងឲ្យបាន ជាពិសេសការប្រព្រឹត្តិអំពើជ្រុលនិយម ការកាប់សម្លាប់ប្រជាពលរដ្ឋទៅក្នុងគោលនយោបាយទិសដៅណាក៏ដោយ ហេតុផលណាក៏ដោយ ប៉ុន្តែដែលចេញគោលនយោបាយ កាប់សម្លាប់ប្រជាពលដ្ឋរាប់លាននាក់បែបនេះ គឺមិនអាចទទួលយកបានទេ ហើយកូនខ្មែរទាំងអស់ ត្រូវចងចាំ ហើយការសិក្សាស្រាវជ្រាវឯកសារបែបនេះ និងការចងក្រងបែបនេះ ត្រូវថែរក្សាឲ្យជាប់ មិនត្រឹមតែថែរក្សាទុកនៅក្នុងកន្លែងនេះទេ» ៕