ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនមន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៨៨០នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានមានប្រសាសន៍បានបង្ហាញពីសារៈសំខាន់ក្នុងនាមជាអ្នកដឹកនាំ ជួយបង្កើនឱ្យមានការរីកចម្រើន ទាំងចំណេះដឹង ការគិតពិចារណ និងការដោះស្រាយបញ្ហាប្រឈមនានាក្នុងការអនុវត្តការងារប្រចាំថ្ងៃ ជាពិសេសក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅគ្រប់ទីតាំងសុខាភិបាលទាំងវិស័យសាធារណៈ និងឯកជន។
ក្នុងនេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើក ០៤ចំណុចធំៗ ដែលទាក់ទងនឹង PDIA ក្នុងការដោះស្រាយបញ្ហាការងារ ក្នុងនាមជាអ្នកដឹកនាំ ដូចជា ១) ការដោះស្រាយនៅនឹងកន្លែង ២) ដំណោះស្រាយទៅតាមកាលៈទេសៈ ៣) ការព្យាយាម និងរៀនសូត្រ ដោយការគិតពិចារណាដោះស្រាយរង្វិលជុំ ៤) ការបង្ហាញលទ្ធផលវិជ្ជមាន ដែលជាគំរូសម្រាប់ការអនុវត្ត។ ដូចនេះ ការដោះស្រាយបញ្ហាដែលជួបប្រទះទាំងអស់នេះ ជាកំណែទម្រង់ថ្មីមួយសម្រាប់គ្រប់អង្គភាពអនុវត្តតាម និងស្របតាមយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំបន្ថែមក្នុងវគ្គបណ្តុះបណ្តាលក្នុងនាមជាអ្នកដឹកនាំ ត្រូវតែមានភាពច្បាស់លាស់ ម៉ត់ចត់ និងរៀបចំឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តការងារឱ្យបានល្អ ព្រមទាំងត្រូវមានកិច្ចសហប្រតិបត្តិការល្អ ក្នុងការជម្រុញការងារឱ្យកាន់តែមានភាពទូលំទូលាយ និងរីកចម្រើនរឹងមាំ ក្នុងនោះរួមមានភាពជាអ្នកដឹកនាំ នវានុវត្តន៍ ការធ្វើការជាក្រុម ការគ្រប់គ្រងដោយមានចក្ខុវិស័យនិងគោលដៅច្បាស់លាស់ យុទ្ធសាស្ត្រ និងការដោះស្រាយបញ្ហាប្រឈម ។
សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលចាប់ពីសប្តាហ៍នេះមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង ៥ ចាប់តាំងពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ជាតិ៕