សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមបុណ្យសព ឯកឧត្តម សំ សារីន ស្ថិតក្នុងក្រុងកំពត ខេត្តកំពត នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។
ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៣:០០នាទីទៀបភ្លឺ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ ឯកឧត្តម សំ សារីន គឺជាការបាត់បង់គួរឱ្យសោកស្តាយបំផុតនូវឧត្តមស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុតរបស់កូន ចៅ ក៏ដូចជាការបាត់បង់នូវឥស្សរជនមួយរូបដែល បានខិតខំលះបង់អស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលា ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ ជាពិសេស បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសមិទ្ធផលជាច្រើនទាំងក្នុងវិស័យពុទ្ធចក្រ និង អាណាចក្រនៅទូទាំងខេត្តកែប នាពេលកន្លងមក។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមរំលែកមរណទុក្ខជាមួយ លោកជំទាវ ប៉ែន ឌីមឿន ព្រមទាំងក្រុមគ្រួសារសព និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម សំ សារីន សូមបានចាប់កំណើតក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕