អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់សារធាតុញៀន
ភ្នំពេញ៖ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ។
ដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត៖ នៅវេលាម៉ោង០៩និង០០នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវនឹងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុន សារ៉ាត់ ហៅក្រៅ បារាំង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៩ និង០០នាទី នៅចំណុចចំណតម៉ូតូកាស៊ីណូក្រោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការឃាត់ខ្លួននេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឈឿន ឈុនណា ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនរងគ្រោះជាបុគ្គលិកបម្រើការងារនៅកាស៊ីណូក្រោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយខាងក្រុមហ៊ុនបានប្រគល់ម៉ូតូម៉ាកហុងដា ហ្សូម័រអ៊ិច ពណ៌ផ្ទៃមេឃ ផលិតឆ្នាំ២០១៦ ពាក់ផ្លាកលេខបាត់ដំបង ១W-០៤៥៥ ឱ្យបុគ្គលិកដែលធ្វើការនៅទីនេះ ជាជនជាតិចិន ប្រើប្រាស់ដោយមានបុគ្គលិកកិបសំបុត្រយានជំនិះ គឺយាមនៅពេលយប់ត្រួតពិនិត្យរាល់បុគ្គលិកចេញចូលដែលមានយានជំនិះវេនពេលយប់។ នៅវេលាកេីតហេតុបុគ្គលិកជនជាតិចិនដែលប្រើប្រាស់ម៉ូតូខាងលើ បានមករកម៉ូតូស្រាប់តែបាត់មិនឃើញ ហើយបានឆែកកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យ មិនមែនជាបុគ្គលិកបម្រើការនៅទីនោះ ធ្វើសកម្មភាពលួចយកម៉ូតូខាងលើជិះចេញទៅបាត់
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានបញ្ជាក់ឱ្យដឹងថា៖ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះស្រាវជ្រាវដល់ទីតាំងកើតហេតុ កំណត់មុខសញ្ញាជនសង្ស័យ ឈានដល់ការឃាត់ខ្លួននៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចមុខកាស៊ីណូហ្គោលឌិន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ហើយទៅបញ្ចាំជាមួយសន្តិសុខមិនស្គាល់ឈ្មោះម្នាក់ នៅកាស៊ីណូ ហ្គោលវើយ បានប្រាក់ថៃចំនួន៨.០០០បាត លុទាំងនោះគេដើរស៊ីចាយ និងទិញថ្នាំញៀនមកប្រើប្រាស់អស់ ៕