ឯកឧត្តម មាន ចាន់យ៉ាដា អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនបុគ្គលិកអប់រំខេត្តឧត្តរមានជ័យ
ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។
ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកនាយក និងលោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ និងអង្គភាពពាក់ព័ន្ធសរុបចំនួនប្រមាណ ១២៥៨ នាក់។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ដែលបានចូលរួមក្នុងពិធីនេះ និងកោតសរសើរ វាយតមៃ្លខ្ពស់ ចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ នាយក នាយិកា លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារដើម្បីផ្តល់នូវការអប់រំប្រកបជាប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ហើយអបអរសាទរដល់អ្នកពាក់ព័ន្ធទាំងអស់ដែលទទួលបាននូវគ្រឿងឥស្សរិយយសនាថ្ងៃនេះផងដែរ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី លើកឡើងអំពីសសរស្តម្ភនៃកំណែទម្រង់វិស័យអប់រំ ៥ ដោយ (សសរស្តម្ភទី១)៖ ផ្តោតលើគោលនយោបាយគ្រូបង្រៀន ដែលរួមមានការបង្កើនប្រាក់បៀវត្សគ្រូបង្រៀន ការផ្តល់អត្ថប្រយោជន៍ និងពង្រឹងការប្រឡងគ្រូ លើកកម្ពស់តួនាទី និងកិត្តិយសគ្រូបង្រៀនដើម្បីបង្កើនគុណវឌ្ឍិគ្រូបង្រៀន ក៏ដូចជាទាក់ទាញសិស្សនិស្សិតដែលរៀនពូកែមកធ្វើគ្រូបង្រៀន ការធ្វើកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ កែលម្អបរិស្ថានសិក្សានៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ឬក៏ដូចជាសាលាគរុកោសល្យ និងវិក្រិតការខេត្តផងដែរ (សសរស្ដម្ភទី២)៖ គឺការពិនិត្យឡើងវិញនូវកម្មវិធីសិក្សា និងសៀវភៅគោល (សសរស្ដម្ភទី៣) ៖ រៀបចំជាក្របខ័ណ្ឌសម្រាប់ការធ្វើអធិការកិច្ចទៅតាមសាលារៀនផ្ដោតទៅលើការពង្រឹងតួនាទី និងការដឹកនាំរបស់នាយក ការកែលម្អការរៀន និងបង្រៀន លទ្ធផលរបស់សិស្ស និងការចូលរួមរបស់មាតាបិតា (សសរស្ដម្ភទី៤)៖ ការធ្វើ និងវាយតម្លៃសិក្សា ជាពិសេសការពង្រឹងការប្រឡង និង (សសរស្ដម្ភទី៥)៖ កំណែទម្រង់ឧត្តមសិក្សាដើម្បីឆ្លើយតបនឹងយុគសម័យឌីជីថល។
វិស័យអប់រំដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខណៈពិភពលោកកំពុងតែដើរចូលទៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល ដែលត្រូវការចាំបាច់នូវធនធានមនុស្សដែលមានចំណេះដឹង និងបំណិនខ្ពស់ សម្រាប់ការកសាងនូវសេដ្ឋកិច្ច និងសង្គមឌីជីថល ដោយការប្រើប្រាស់បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។
ក្នុងគោលដៅពង្រឹងគុណភាពអប់រំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដាក់ចេញនូវវិធានគន្លឹះចំនួន ៤ ដែលរួមមាន៖ ទី១). ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២). ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹង ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់ មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ”។
ដើម្បីប្រែក្លាយសាលាពីកម្រិតអនុវិទ្យាល័យទៅកម្រិតវិទ្យាល័យតាមសំណូមពររបស់លោកនាយក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍មួយចំនួនដូចតទៅ៖
– ដើម្បីបង្កើនសាលាពីកម្រិតអនុវិទ្យាល័យទៅវិទ្យាល័យត្រូវរៀបចំផែនការឱ្យបានច្បាស់លាស់ ជាពិសេសផែនការទប់ស្កាត់នូវបញ្ហាខ្វះគ្រូ
– អគារសិក្សាដែលត្រូវត្រៀមបន្តទៀត និងពង្រឹងគុណភាពអប់រំ ដោយក្រសួងបានដាក់ចេញកំណែទម្រង់សាលារៀនដោយផ្ដោតទៅលើការបង្កើនសាលារៀនស្តង់ដា ដែលមានស្តង់ដាចំនួន៥ ផ្ដោតលើ (១). លទ្ធផលសិក្សារបស់សិស្ស (២). ការកែលម្អការរៀនបង្រៀន និងបង្រៀន ដូចជាការបង្រៀនម៉ោងបន្ថែម (៣). ការចូលរួមរបស់សហគមន៍ (៤). ដំណើរប្រតិបត្តិ និងរដ្ឋបាលសាលារៀន និង(៥). គណនេយ្យភាពរបស់សាលារៀន។
– លើកទឹកចិត្តមន្ទីរអប់រំ និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងប្រែក្លាយសាលាឱ្យទៅជាសាលារៀនគំរូ ក៏ដូចជាបន្តពង្រឹងដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន ដោយផ្អែកលើការអនុវត្តសូចនាករស្តង់ដាសាលារៀនគំរូ និងការបន្តសិក្សាបន្ថែមពីឯកសារនានា ក៏ដូចជាប្រឹក្សាយោបល់ជាមួយក្រុមការងារបច្ចេកទេសជំនាញ
-នៅកម្រិតបឋមសិក្សា ក្រសួងអប់រំបានដាក់ឱ្យអនុវត្តនៅកញ្ចប់អំណានដំបូង និងគណិតវិទ្យាដំបូង និងការបណ្តុះបណ្តាលគ្រូផងដែរ។ នៅមធ្យមសិក្សា សាលាត្រូវធ្វើតេស្តដើមឆ្នាំ រៀបចំផែនការសម្រាប់បំប៉នសិស្សខ្សោយជាប្រចាំ លើការអាននិងសរសេរ គណិតវិទ្យា និងមុខវិជ្ជាសំខាន់ៗផ្សេងទៀត បន្តពង្រឹងវិធីសាស្ត្របង្រៀនថ្មី លើកកម្ពស់សុខភាពសិក្សា ផ្តោតលើការអប់រំឌីជីថល លើកកម្ពស់លទ្ធផលសិក្សាសិស្ស និងកំណែទម្រង់ឧត្តមសិក្សា៕