លោកស្រី Kristin Parco ប្រធាន IOM ប្រចាំកម្ពុជា ចូលជួបឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ដើម្បីជម្រាបលាខណៈដែលលោកស្រីនឹងបញ្ចប់បេសកកម្មនៅកម្ពុជាឆាប់ៗនេះ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកស្រី Kristin Parco ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា បានចូលជួបដើម្បីជម្រាបលានៅពេលដែលលោកស្រីនឹងបញ្ចប់បេសកកម្មនៅកម្ពុជាក្នុងពេលឆាប់ៗនេះ។
ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង ភាគីទាំងពីរ បានពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលលើសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងអង្គការ IOM និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីពេលកន្លងមកនៃវឌ្ឍនភាព ស្តីពីទេសន្តរប្រវេសន៍ ដែលភាគីទាំងពីរមានចក្ខុវិស័យរួមគ្នាចង់ឃើញការរីកចម្រើន និងភាពកាន់តែល្អប្រសើរនៅកម្ពុជា។
ក្នុងនោះ លោកស្រីប្រធានអង្គការ IOM ប្រចាំកម្ពុជា បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីចំពោះការផ្តល់កិច្ចសហការ និងការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចូលរួមយ៉ាងសកម្មចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃបេសកកម្មរបស់អង្គការ IOM នៅកម្ពុជាដែលមានលោកស្រីជាតំណាងនាពេលកន្លងមក។
ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់លោកស្រី Kristin Parco ដែលបានចូលរួមយ៉ាងសកម្ម និងយ៉ាងសំខាន់ចំពោះវឌ្ឍនភាពនៃទេសន្តរប្រវេសន៍នៅកម្ពុជា ស្របទៅតាមទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
យ៉ាងណាក៏ដោយបើទោះបីជាបញ្ចប់បេសកកម្មនៅកម្ពុជាក្តី ប៉ុន្តែលោកស្រី Kristin Parco បានជឿជាក់ថាប្រធានប្តូរវេនថ្មីរបស់ IOM ប្រចាំនៅកម្ពុជា នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរមានស្រាប់ដើម្បីបន្តវឌ្ឍនភាព និងភាពរីកចម្រើផ្នែកទេសន្តរប្រវេសន៍នៅកម្ពុជា ៕