មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារជាមួយគណៈប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
ភ្នំពេញ៖ នាទីស្តីការក្រសួង ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មកពីទីស្នាក់ការកណ្តាលក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីនដឹកនាំដោយលោក Alvin Lopez ដើម្បីបូកសរុបលទ្ធផលចុះពិនិត្យវឌ្ឍនភាពនៃគម្រោងកែលម្អវិស័យធារាស្រ្តកសិកម្មក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
សូមជម្រាបថា កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គលេខាធិការង លោក លោកស្រីអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យដែលបានអញ្ជើញមកពីក្រសួងពាក់ព័ន្ធទាំងអស់ និងមន្រ្តីជាតិ និងអន្តរជាតិមកពីអង្គភាពគ្រប់គ្រងនិងអនុវត្តន៍គម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយមជាច្រើនរូប។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញនូវការពេញចិត្ត និងបានរវាយតម្លៃខ្ពស់ចំពោះគម្រោងខាងលើដែលសម្រេចបានលទ្ធផលល្អប្រសើរ និងដោយរលូន។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា ដោយមើលឃើញពីវឌ្ឍនភាពជាក់ស្តែងដែលសម្រេចបានខាងលើនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានធ្វើការគាំទ្រយ៉ាងពេញទំហឹងដល់ផែនការការងារអនុវត្តបន្តរបស់ក្រសួងធនធានទឹក និងឧតុនិយម និងបានសហការយ៉ាងជិតស្និទ្ធធ្វើការកំណត់យកភ្លាមៗ ក្នុងការអនុវត្តបន្តលើផែនការងាររបស់ក្រសួង ៕