កម្លាំងបញ្ជាការផ្នែកសឹករងស្រុកបុរីអូរស្វាយសែនជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង, កម្លាំងបញ្ជាការផ្នែកសឹករងស្រុកបុរីអូរស្វាយសែនជ័យ បានចុះល្បាតឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងនោះមានជនជាតិឡាវម្នាក់នៅតាមខ្សែបន្ទាត់ព្រំដែនខេត្តស្ទឹងត្រែង ត្រូវបានកម្លាំងឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់។
ក្នុងករណីបង្ក្រាប់បទល្មើសនេះលោកវរសេនីយ៍ឯក វ៉ាន ចាន់សីហា មេបញ្ជាការងផ្នែកសឹករងស្រុកបុរីអូរស្វាយសែនជ័យ បានបញ្ជាក់ថា សកម្មភាពបង្រ្កាបបានធ្វើឡើងនៅតាមចំណុចខ្សែបន្ទាត់ព្រំដែន ស្ថិតនៅភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១២និង៣០នាទី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ រួមជាមួយវត្ថុតាំងរួមមាន៖
-គ្រឿងញៀនមេតំហ្វេតាមីន (WY) ចំនួន ៤៨កញ្ចប់តូច ស្មើនឹង ៩.៦០០គ្រាប់ ទម្ងន់សុទ្ធ ៩៦៦,៤ក្រាម។
-ទូរស័ព្ទដៃចំនួន ១គ្រឿង
-លុយឡាវជាង ៧លានគីប។
លោកវរសេនីយ៍ឯក មេបញ្ជាការង បានបន្តថា ជនសង្ស័យទាំង២នាក់៖ ទី១.ឈ្មោះ លឺ ទ្បួងម៉ានី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិឡាវ មានទីលំនៅភូមិមឿងខួយ ស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសទ្បាវ និងទី២.ឈ្មោះ លីន គីក ភេទ ប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះឈើទាលធំ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ថា ដោយអនុវត្តតាមនិតិវិធីកម្លាំងសមត្ថកិច្ច បានប្រគល់វត្ថុតាង និងជនសង្ស័យទាំង២នាក់ខាងលើ ទៅមន្ត្រីជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី បន្ទាប់ពីមានការសម្របសម្រូលពីលោក ស៊ិន សុហឹង ព្រះរាជ្ញាររងអមសាលាដំបូងខេត្តស្ទឹងត្រែងផងនោះ ៕