សម្តេចធិបតី ណែនាំឱ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកអាជ្ញាប័ណ្ណព័ត៌មានណាដែលផ្សាយមិនពិត និងតាមគាប់គេស៊ី ដើម្បីកុំធ្វើឱ្យអ្នកព័ត៌មានមួយចំនួនតូច ធ្វើឱ្យប៉ះពាល់ដល់អ្នកព័ត៌មានវិជ្ជាជីវៈ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវពិនិត្យមើលបញ្ហាដោយកុំឱ្យអ្នកសារព័ត៌មានមួយចំនួនតូច ដែលកំពុងប្រព្រឹត្តិខុសវិជ្ជាជីវៈ និងក្រមសិលធម៌ បំផ្លាយដល់អ្នកសារព័ត៌មានដែលគេកំពុងគោរពយ៉ាងត្រឹមត្រូវ។ ការងារនេះបើរកឃើញ សូមឯកឧត្តមរដ្ឋមន្ត្រី លុបអាជ្ញាប័ណ្ណចោលទៅ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូព៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព័ត៌មានក្លែងក្លាយកំពុងក្រឡុកនៅលើបណ្តាញសង្គម។ សម្តេចត្រូវចេញមុខដោះស្រាយបញ្ហាទាំងនេះដោយខ្លួនឯង និងឱ្យបានលឿន។ ព័ត៌មានក្លែងក្លាយទាំងនេះ ធ្វើឱ្យប្រជាពលរដ្ឋភ័យព្រួយបារម្ភ ហើយបណ្តាលឱ្យអសកម្មនូវសណ្តាប់ធ្នាប់ និងអភិវឌ្ឍន៍សង្គម។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបន្តថា បងប្អូនអ្នកសារព័ត៌មានខ្លះដោយសារតែផ្សាយលឿន ទើបផ្សាយខុស ហើយគាត់ផ្សាយកែតម្រូវ នោះមិនមែនជាបញ្ហានោះទេព្រោះគាត់ពុំមានចេតនា ប៉ុន្តែសារព័ត៌មានមួយចំនួនមានចេតនាផ្សាយខុស ផ្សាយបំភ្លៃ និងមានចេតនាបង្កើតបញ្ហា និងបំផ្លាញសង្គម ហើយក្រុមសារព័ត៌មានទាំងនេះនឹងប្រឈមនឹងផ្លូវច្បាប់។
សម្តេចធិបតី ក៏បានស្វាគមន៍ចំពោះព័ត៌មានពិត ព្រោះនោះជាការរួមចំណែកដើម្បីយើងជួយដោះស្រាយបញ្ហាឱ្យបានទាន់ពេល តែព័ត៌មានក្លែងក្លាយ ព័ត៌មានបំភ្លៃដែលមានចេតនាបំផ្លាញ ដែលមិនគោរពក្រមសិលធម៌ និងវិជ្ជាជីវៈគឺមិនស្វាគមន៍នោះទេ នឹងត្រូវលុបអាជ្ញាប័ណ្ណ ព្រមទាំងប្រឈមផ្លូវច្បាប់ ៕