ប្រមុខរាជរដ្ឋាភិបាល ឲ្យលុបចោលគោលការណ៍ តម្រូវឲ្យភ្ញៀវទេសចរមកលេងកម្ពុជា ត្រូវសម្រាកយ៉ាងហោច ១យប់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឲ្យលុបចោលគោលការណ៍ ដែលតម្រូវឲ្យភ្ញៀវទេសចរបរទេស មកទស្សនាកម្ពុជា ត្រូវសម្រាកយ៉ាងហោចមួយយប់។
ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នាថ្ងៃ១៨ កក្កដា សម្តេចធិបតីគូសបញ្ជាក់ថា «ខ្ញុំឲ្យលុបគោលការណ៍មួយចំនួន ដែលមានតាំងពីឆ្នាំ១៩៩៨ដែលអនុក្រឹត្យមួយបានចែងថា ភ្ញៀវទេសចរដែលមកទស្សនាត្រូវតែសម្រាកយ៉ាងហោចមួយយប់ ។ អីចឹងទេត្រូវបំ ពេញទម្រង់បែបបទច្របូកច្របល់ ស្មុគស្មាញ អីចឹងភ្ញៀវមួយចំនួនគាត់អត់មក គាត់ពិបាក ហើយពេលខ្លះមានរឿងទៀត»។
សម្តេចធិបតីបន្តថា ការសម្រេចឲ្យលុបនេះ ដោយសារអនុក្រឹត្យមានរយៈពេលជិត៣០ឆ្នាំ ហើយមិនត្រូវតាមស្ថានភាពបច្ចុប្បន្ននេះទៀតទេ ដូច្នេះ ភ្ញៀវទេសចរគេចង់មកមួយល្ងាច ឬមកហូបគុយទាវ មួយចានហើយទៅវិញក៏បាន នេះបង្ហាញពីភាពងាយស្រួលដល់ពួកគាត់។
សម្តេចធិបតីបានលើកឡើងថា បច្ចុប្បន្នកម្ពុជាបានបើកជើងមេឃ ក្នុងនោះរាជរដ្ឋាភិបាលបានកំពុងតែគិតពីការចំណាយរបស់យន្ត ហោះពេលចុះចត ទោះបីជារដ្ឋត្រូវចំណាយខាតខ្លះក្តី។
សម្តេចធិបតី បានបង្ហើបឲ្យដឹងថា ពេលនេះយើងកំពុងតែពិនិត្យ ក្នុងការដាក់ដំណើរការ ឲ្យមានរថភ្លើងល្បឿនលឿន និងការពង្រីកផ្លូវ ៕