ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម រាជបូណ៌
ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម រាជបូណ៌ ក្នុងបរិវេណវត្តរាជបូណ៌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។
វត្តរាជបូណ៌ ជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តដទៃទៀតនៅក្នុងខេត្តសៀមរាប ដែលស្ថិតនៅក្នុងក្រុងតាមដងស្ទឹងសៀមរាប។ អារាមមួយនេះ មានព្រះវិហារមួយដែលមានលក្ខណៈស្ថាបត្យកម្មល្អឯក អំឡុងនៃការសាងសង់ក្នុងរាជព្រះបាទនរោត្តម។ នៅលើជញ្ជាំងព្រះវិហារផ្នែកខាងក្នុង មានសិល្បៈដ៏រស់រវើកល្អវិចិត្រ គឺគំនូរបុរាណរឿង «រាមកេរ្តិ៍» ដែលជារឿងល្បីល្បាញ នៅអាស៊ីអាគ្នេយ៍ គូរនៅរវាងឆ្នាំ១៩២០-១៩២៤។ អំពីអាយុកាលនៃការកកើតវត្តនេះ ពុំមានភស្តុតាងនោះទេ។
សារមន្ទីរព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ មានវត្ថុបុរាណដែលត្រូវបានប្រមូលរក្សាទុករួមមាន វត្ថុសាងពីថ្ម ស្ពាន់ សំរិទ្ធ ទង់ដែង លង្ហិន ទេពរូប ព្រះពុទ្ធរូប និងគ្រឿងកុលាលភាជន៍នានា ដែលរក្សាទុកក្នុងវត្តរាជបូណ៌ ដើម្បីរក្សាទុកនិងតាំងបង្ហាញក្នុងអគារសារមន្ទីរនៅក្នុងវត្តរាជបូណ៌។ សារមន្ទីរនេះ មានឈ្មោះថា សារមន្ទីរ ព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ ជាសារមន្ទីរព្រះពុទ្ធសាសនា ដើម្បីឱ្យមនុស្សជាតិទាំងអស់នៅលើពិភពលោកបានឃើញនូវសា្នដៃសិល្បៈដែលបន្សល់ពីបុព្វបុរសខ្មែរ ៕