សម្តេចរដ្ឋសភាធិបតី៖ ក្រោមម្លប់សន្តិភាព នាំឱ្យវិស័យពុទ្ធសាសនារីកចម្រើន និងផ្តល់ឱកាសដល់ពុទ្ធបរិស័ទគ្រប់ទិសទីបដិបត្តិសាសនា និងបំពេញបុណ្យដោយគ្មានការបង្ខិតបង្ខំ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបុណ្យដង្ហែទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន៩ និងអាស្រមចំនួន៧ នៅក្នុងស្រុកលើកដែក ខេត្តកណ្តាល សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសំណេះសំណាលជាមួយពលរដ្ឋ ដែលបានអញ្ជើញចូលរួមកម្មវិធី ដោយក្តីនឹករលឹកជាទីបំផុត នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
សម្តេចប្រធានរដ្ឋសភា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខជូនពលរដ្ឋពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ក្នុងកម្មវិធីបុណ្យដែលបានប្រារព្ធធ្វើនៅក្នុងវត្តគិរីរតនារាម ហៅវត្តកំពង់ភ្នំក្នុង ស្ថិតក្នុងឃុំកំពង់ភ្នំ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណពលរដ្ឋស្រុកលើកដែក ក៏ដូចជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានបោះឆ្នោតយ៉ាងច្រើនលើសលប់ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
សម្តេចរដ្ឋសភាធិបតី បានជម្រាបពលរដ្ឋថា ការបោះឆ្នោតឆ្នាំ២០២៣ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងជារបត់ថ្មីរបស់កម្ពុជាក្នុងរយៈពេល៥០០ឆ្នាំរបស់ខ្លួន ពីព្រោះជាការផ្ទេរការដឹកនាំប្រទេសដោយរលូន សន្តិវិធី គ្មានផ្ទុះសង្រ្គាម មិនដូចប្រវត្តិសាស្រ្តកន្លងមកឱ្យតែមានការផ្លាស់ប្តូរ គឺតែងតែផ្ទុះសង្រ្គាមកើតឡើង។
តាមរយៈលទ្ធផលបោះឆ្នោតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិក មគ្គុទ្ទេសក៍ និងប្រតិបត្តិករឆ្នើមនាំមកនូវសុខសន្ដិភាពជូនប្រទេសជាតិ បានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ប្រគល់ភារកិច្ចដឹកនាំប្រទេសជាតិជូនទៅឥស្សរជនជំនាន់ក្រោយមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលពោរពេញដោយថាមពល មានចំណេះដឹង សីលធម៌ខ្ពស់ និងមានចក្ខុវិស័យវែងឆ្ងាយ ដឹកនាំប្រទេសជាតិបន្ត ដើម្បីធានាការពារសុខសន្តិភាព និងការអភិវឌ្ឍជូនប្រជាពលរដ្ឋបានយូរអង្វែងតរៀងទៅ។
ក្នុងពិធីបុណ្យដ៏ជ្រះថ្លានេះ ព្រះសង្ឃ និងប្រជាពលរដ្ឋនៅស្រុកលើកដែក បានសម្តែងការស្វាគមន៍យ៉ាងកក់ក្កៅជាទីបំផុតចំពោះវត្តមានសម្តេចប្រធានរដ្ឋសភា។ ប្រជាពលរដ្ឋបានគោរពថ្លែងអំណរគុណជ្រាលជ្រៅបំផុតជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលជានិច្ចកាលបានផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយពលរដ្ឋ និងបានចាត់ទុកស្រុកលើកដែកដូចជាស្រុកកំណើតរបស់សម្តេចផ្ទាល់ នៅក្នុងនោះសម្តេចបានចូលរួមកសាងសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋនៅក្នុងស្រុកលើកដែក ទាំងពុទ្ធចក្រ និងអាណាចក្រ។
សូមជម្រាបថា ជាពុទ្ធសាសនូបត្ថម្ភក៍ និងជាអ្នកទ្រទ្រង់សាសនាប្រកបទឹកចិត្តជ្រះថ្លាជាទីបំផុត សម្តេចរដ្ឋសភាធិបតី តែងតែរៀបចំទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់តាមទីអារាមនានានៅមុនពេលបុណ្យចូលកាន់ព្រះវស្សាមកដល់។
ក្នុងពិធីដ៏សែនរីករាយ និងប្រកបដោយសទ្ធាជ្រះថ្លានាព្រឹកនេះ សម្តេចបានបូជាទៀន ធូប ផ្កាភ្ញី ដល់ព្រះរតនត្រ័យជាទីគោរពសក្ការៈ និងបានប្រគេនទៀនព្រះវស្សា និងទេយ្យទានជាច្រើនមុខ។ សម្រាប់បច្ច័យកសាងវត្ត ដែលវេរប្រគេនទាំង ១៦វត្ត និងអាស្រម សរុបទឹកប្រាក់ជាង ២៩ លានរៀល និងទេយ្យទាន គ្រឿងឧបភោគបរិភោគ សរុបជាទឹកប្រាក់ ៤០លានរៀល។ ក្នុងនោះដែរ សម្តេចរដ្ឋសភាធិបតី បានឧបត្ថម្ភជូនលោកតាអាចារ្យ លោកយាយជី និងកូនសិស្សព្រះសង្ឃ សរុបជាទឹកប្រាក់ប្រមាណ ៦លានរៀល ឧបត្ថម្ភកងកម្លាំងទាំង៣ ចំនួន ៤លានរៀល ក្រុមការងារឃុំទាំង៧ ចំនួន ១៤លានរៀល និងក្រុមការងារស្រុក ២លានរៀល ៕