សម្ដេចតេជោ ពេញចិត្តចំពោះការច្រៀងរបស់យុវតី សាយ ស៊ីណា និងយល់ព្រមជួយសង់អគារសិក្សា១ខ្នង ជាប្រយោជន៍រួមសម្រាប់សិស្សានុសិស្ស
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការ ដោយបង្ហាញការពេញចិត្តចំពោះយុវតី សាយ ស៊ីណា ជាសិស្សនៅវិទ្យាល័យព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ដែលច្រៀបទងចម្រៀង២បទយ៉ាងពីរោះ និងយល់ព្រមតាមសំណើរបស់យុវតី សាយ ស៉ីណា ដែលស្នើឱ្យជួយសាងសង់អគារសិក្សា១ខ្នង ជាប្រយោជន៍រួមសម្រាប់សិស្សានុសិស្សទូទៅ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «កាលពីម្សិលមិញ ខ្ញុំបានបង្ហោះពីចៅស្រី សាយ ស៊ីណា ដែលពេលនោះមិនទាន់ស្គាល់ឈ្មោះ និងទីកន្លែងរស់នៅ។ ខ្ញុំព្យាយាមជួបចៅស្រីតាម Telegram ដើម្បីសួរនាំពីការរៀនសូត្រនិងជីវភាពគ្រួសារ ព្រមទាំងបានជួយថវិកាខ្លះសម្រាប់ចៅស្រីនិងឪពុកម្តាយ។ ទោះអត់ភ្លេងក៏ចៅនៅតែច្រៀងបានពីរោះ តាសូមសរសើរចៅដែលចៅបានផ្ញើសារមកតាសូមស្នើឱ្យតាជួយកសាងអគារសិក្សា១ខ្នង កម្ពស់៣ជាន់ ៣០បន្ទប់ ដើម្បីជាប្រយោជន៍រួមរបស់សិស្ស។ តាបានបញ្ជូនសំណើចៅទៅនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រួចហើយ។ ចុងក្រោយខ្ញុំថ្លែងអំណរគុណចំពោះបងប្អូនកូនក្មួយដែលមក Like ជិតកន្លះលាននាក់ និងចូលមក comments ជាង២ម៉ឺននាក់ ក្រោយខ្ញុំបង្ហោះបាន១៨ម៉ោង»។
យុវតី សាយ ស៊ីណា បានបង្ហាញអារម្មណ៍រីករាយចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ឱកាសឱ្យនាងនិងឪពុកម្ដាយបាននិយាយតាមរយៈ Telegram និងយល់ព្រមតាមសំណើរបស់នាង ដែលបានស្នើឱ្យសម្ដេចតេជោជួយសាងសង់អគារសិក្សា១ខ្នង វិទ្យាល័យព្រៃព្នៅ ស្រុកពារាំង សម្រាប់ជាប្រយោជន៍រួមរបស់សិស្សានុសិស្សទូទៅ៕