ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សរាប់សិបនាក់នៅហ្គាហ្សា បន្ទាប់លោក Netanyahu ប្តេជ្ញាបន្តដាក់សម្ពាធលើក្រុមហាម៉ាស
បរទេស៖ អ៊ីស្រាអែលបានបន្តការវាយប្រហារតាមអាកាសរបស់ខ្លួនទៅលើតំបន់ហ្គាហ្សានៅថ្ងៃពុធ ទី១៧ ខែកក្កដា បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាបង្កើនសម្ពាធលើក្រុមហាម៉ាស់ ខណៈដែលក្តីសង្ឃឹមបានរសាត់សម្រាប់ផែនការបទឈប់បាញ់ដែលប្រកាសដោយសហរដ្ឋអាមេរិក។
មេដឹកនាំនយោបាយក្រុមហាម៉ាស់ លោក Ismail Haniyeh បានចោទប្រកាន់អ៊ីស្រាអែលថា មានចេតនាធ្វើឱ្យខូចដល់ការចរចាសម្រាប់បទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ដោយសារតែខ្លួនមិនចង់បញ្ចប់សង្រ្គាម។
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារចំនួន ២៥ដងក្នុងរយៈពេល ២៤ម៉ោង ដោយផ្តោតទៅលើរចនាសម្ព័ន្ធយោធា ហេដ្ឋារចនាសម្ព័ន្ធភេរវករ កោសិកាភេរវករ និងរចនាសម្ព័ន្ធបំរុង។
លោក Netanyahu ដែលបានប្តេជ្ញាម្តងហើយម្តងទៀតក្នុងការលុបបំបាត់ក្រុម Hamas បានទទូចកាលពីថ្ងៃអង្គារថា ទោះបីជាមានសម្ពាធកើនឡើងក៏ដោយ នឹងមិនមានការផ្អាកនៅក្នុងយុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងនឹងពួកសកម្មប្រយុទ្ធនោះទេ។
លោកបានបន្តថា នេះគឺជាពេលវេលាដើម្បីបង្កើនសម្ពាធកាន់តែខ្លាំង ដើម្បីនាំយកចំណាប់ខ្មាំងទាំងអស់ ទាំងអ្នករស់ និងអ្នកស្លាប់មកផ្ទះវិញ ហើយដើម្បីសម្រេចបាននូវគោលបំណងនៃសង្រ្គាមទាំងអស់។
ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានឲ្យដឹងថា មនុស្សចំនួន ៥២នាក់ដែលភាគច្រើនជាស្ត្រី និងកុមារត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល ២៤ម៉ោងមុន។