កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បង្រ្កាក្មេងទំនើង ករណីចែកចាយថ្នាំញៀន ប្រព្រឹត្តអំពើចោរកម្ម បទល្មើសលួចម៉ូតូ និងលួចកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់
ភ្នំពេញ៖ បន្ទាប់ពីទទួលបានបញ្ជាពីឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កម្លាំងអាវុធហត្ថខេត្តដឹកនាំដោយលោក សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីសំណាក់ លោក ជា សុភក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង បង្រ្កាបបានជនទំនើង ដែលគេសង្ស័យថា ជក់ និងចែកចាយថ្នាំញៀន ប្រព្រឹត្តអំពើចោរកម្ម ជាពិសេសបទល្មើសលួចម៉ូតូ និងលួចកាត់ខ្សែភ្លើង របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលកំពុងកក្រើកនៅស្ទឹងត្រែង។
ក្នុងករណីបំបែកសំណុំរឿងដ៏កក្រើកនេះ ឯកឧត្តម សុរ សុពុត្រា ក្នុងនាមជាថ្នាក់នាំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានអញ្ជើញដល់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តនារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ និងបានអបអរសាទរ ហើយមានប្រសាសន៍ថា “ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងសូមថ្លែងនូវការកោតសរសើរអស់ពីដួងចិត្តជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលបានអនុវត្តបទបញ្ជា សហការ សម្របសម្រួល និងពន្លាតនីតិវិធី ឈានដល់ការបង្ក្រាបបានទាំងស្រុង និងបំបែកសម្បុកក្រុមកាន់កាប់ ប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ (កាំភ្លើងហ្គាស បាញ់គ្រាប់ឃ្លី) លួចកាត់ខ្សែភ្លើង ទទួលផលចោរកម្ម និងរក្សាទុក ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចស្រែសំគង់ ភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុង-ខេត្តស្ទឹងត្រែង”។
គូសបញ្ជាក់ថា កំលាំងអាវុធហត្ថ បង្រ្កាបករណីខាងលើពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឃាត់ខ្លួនបានមនុស្សជាជនសង្ស័យចំនួន៧នាក់ក្នុងនោះមានស្រ្តី១នាក់ ។ រឹបអូសវត្ថុតាងមានម៉ូតូចំនួន៩ គ្រឿង និងខ្សែភ្លើងជាច្រើនម៉ែត្រ រួមនិងសម្ភារៈមួយចំនួនទៀត។ ដោយឡែកម៉ូតូ១គ្រឿង ត្រូវបានក្រគល់ជូនម្ចាស់ដើមវិញខណៈម៉ូតូមួយគ្រឿងនេះបានបាត់កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤៕