សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ បាក់រលំដើមលើសង្កត់ពីលើផ្ទះចំនួន ៤គ្រួសារ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ ឯកឧត្តម ម៉ាង សុីណេត ប្រធានស្ដីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចាត់អោយ លោក គាំ សុខុម នាយកសាខា មន្ត្រីសាខា មន្រ្តីអនុសាខាក្រុង និងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដោយខ្យល់កន្ត្រាក់ បាក់រលំដើមលើសង្កត់ពីលើផ្ទះប្រជាពលដ្ឋចំនួន ៤គ្រួសារ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក គាំ សុខុម បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្តម ប្រធានស្ដីទីគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។
សម្ភារៈសាខាផ្ដល់ជូនមួយគ្រួសារទទួលបាន៖ អង្ករ ១បាវ ស្មើនឹង ២៥គីឡូក្រាម ត្រីខ ១យួរ ទឹកត្រី ១យួរ មី ១កេស ឃីត១(មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ១០ម៉ឺនរៀល៕