ឯកឧត្តម មាន ចាន់យ៉ាដា៖ ទឹកជាង ៤០០លានម៉ែត្រគីប ត្រូវបានស្តុកនៅក្នុងអាងស្ទឹងស្រែង សម្រាប់ស្រោចស្រពដីកសិកម្មក្នុងខេត្តឧត្តរមានជ័យ សៀមរាប និងបន្ទាយមានជ័យ
ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា ទឹកជាង ៤០០លានម៉ែត្រគីប ត្រូវបានស្តុកនៅក្នុងអាងស្ទឹងស្រែង សម្រាប់ស្រោចស្រពដីកសិកម្មក្នុងខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។
ឯកឧត្តម មាន ចាន់យ៉ាដា បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកនៅអាងស្ទឹងស្រែងទាំង២ ដែលជាអាងស្តុបទឹកដ៏ធំបំផុតរបស់ខេត្ត សម្រាប់ស្រោចស្រពដីកសិកម្មនៃខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ។
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពកម្ពស់ទឹកនៅអាចគ្រប់គ្រងបាន ប៉ុន្តែមន្ត្រីជំនាញក៏មិនធ្វេសប្រហែសដែរ បានដាក់កម្លាំងប្រចាំការជាប់ជាប្រចាំ តាមដាន និងត្រៀមអន្តរាគមន៍ក្នុងករណីមានរន្ធនាគជាយថាហេតុណាមួយ ៕